នៅតាមបណ្ដោយផ្លូវលេខ២១b ក្នុងភូមិសា ស្ត្រស្រុកស្អាង ខេត្តកណ្ដាលមានព្រែកជាច្រើនកន្លែង ដែលបានបន្សល់ពីប្រវត្តិសាស្រ្តនិងកេរដូនតា។ ប៉ុន្តែបច្ចុប្បន្ននេះបណ្ដាព្រែកទាំងនោះត្រូវបានគោករាក់ ក៏ព្រោះតែចរន្តនិងចលនាប្រជាពលរដ្ឋរស់នៅច្រើន និងការបណ្ដែត បណ្ដោយរបស់អាជ្ញាធរមានសមត្ថកិច្ច។
ទិដ្ឋភាពដែលគេបានឃើញផ្ទាល់និងជាឧទាហរណ៍មួយនៅក្នុងចំណោមព្រែកជាច្រើននៅតាមបណ្ដោយផ្លូវលេខ 21bក្នុងភូមិសាស្ត្រស្រុកសាងនោះ ចំណុចស្ពានទី១១ ស្ពានព្រែកស្នាយ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ព្រែកនេះកំពុងប្រឈមនឹងការគោករាក់ ព្រោះតែការបិទភ្នែកបណ្ដែតបណ្ដោយរបស់អាជ្ញាធរស្រុកអនុញ្ញាតឲ្យប្រជាពលរដ្ឋសង់លំនៅឋាននៅលើព្រែកនោះតែម្ដង។ កន្ទុយផ្ទះរបស់ប្រជាពលរដ្ឋគឺសង់នៅលើព្រែកជាប់ជាប់គ្នា ដូច្នេះកាកសំណល់ត្រូវបានទម្លាក់ចូលក្នុងព្រែកជាហេតុធ្វើឲ្យឆាប់គ្រប់រាក់។
រីឯទីតាំងព្រែកផ្សេងទៀតត្រូវបានគេធ្វើជាទីតាំងខ្សាច់ឬធ្វើជាការដ្ឋានខ្សាច់លក់យ៉ាងអនាធិបតេយ្យ។ ប្រការនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងសម្រាប់អនាគត នៃដង ព្រែកនៅក្នុងមូលដ្ឋានខាងលើ។ ដងព្រែកជាច្រើនត្រូវបានកាយលុបដោយប្រជាពលរដ្ឋ និងភាពព្រងើយ កន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ព្រែកមួយចំនួនទៀតត្រូវបានគេលួចកាយលុបបន្តិចម្ដងៗ ដើម្បីបម្រើផល ប្រយោជន៍ឯកជន ដោយគ្រាន់តែមានការឃុបឃិត ជាមួយអាជ្ញាធរដែនដី។
ប្រជាពលរដ្ឋបាននិយាយថា ព្រែកជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រស្រុកស្អាងមួយផ្នែកធំ និងបន្តទៅដល់ស្រុកកោះធំសុទ្ធតែត្រូវប្រឈមនឹងការគោករាក់ឬលុបជាបន្ត បន្ទាប់។ អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាងហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះហានិភ័យអំពីបញ្ហានេះទេ។ជាងនេះទៅទៀតលោកអភិបាលស្រុកក៏ធ្វើមិនឃើញឬមិនយល់មិនឲ្យតម្លៃអំពីបញ្ហាគោករាក់ នៃបណ្ដាព្រែកទាំង នេះដែរ។ ប្រជាពលរដ្ឋក៏ដូចជាក្រុមឈ្មួញអ្នកមានលុយមួយចំនួនបានយកទីតាំងព្រែកធ្វើជីវកម្មដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការឃុបឃិតចាក់ដីលុបព្រែកជាបន្តបន្ទាប់។
លោកប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាលមាន ប្រសាសន៍ថា យើងមានច្បាប់គ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ទើបយើងអាចការពារបាន។ ចំពោះបញ្ហាព្រែកដែលគោករាក់យើងមានផែនការរួចរាល់អស់ហើយ ប៉ុន្តែយើងមិនមានថវិកាគ្រប់គ្រាន់ដើម្បីស្ដារនោះទេ។ លោកអំពាវនាវឲ្យមានការចូល រួមពីគ្រប់សមាសភាពទាំងអស់ ដើម្បីការពារធន ធានទាំងមនុស្សមិនមែនមានតែស្ថាប័នមួយទេ។ យើងមាន ច្បាប់,មានអនុក្រឹត្យលេខ៩៨ គ្រប់គ្រាន់ហើយ។ យើងត្រូវការថវិកានិងពេលវេលាថែមទៀត តែសំខាន់ត្រូវមានការចូលរួមពីគ្រប់ភាគី។
លោក ឌឹម បូរា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលមិនអាចបំភ្លឺបានទេដោយជាប់រវល់ប្រជុំ៕