ប្រជាពលរដ្ឋបានឲ្យដឹងថា បារាសការពារផ្លូវ១កន្លែងស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ដែលរួមមានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទ បានសម្រេចដកពីកន្លែងចាស់ នៅដើមផ្លូវថយទៅដាក់កន្លែងថ្មីចម្ងាយប្រមាណ ៣០០ ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឳ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះ បីប្រជាជនភាគច្រើននៅក្នុងសហគមន៍នៃភូមិ ប្រស្រែលើ មិនគាំទ្រក៏ដោយ ។

លោក សរ គួន ប្រធានភូមិប្រស្រែលើ មានប្រសាសន៍ឳ្យដឹងថា ការដកបារាសការពារផ្លូវដាក់ថយចូលមកក្នុងបែបនេះគឺដើម្បីឳ្យរថយន្តធំៗដឹកដំឡូងចេញ-ចូលបានស្រួល ដែលប្រការនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។ លោកមេភូមិថា ការដកបារាសការពារផ្លូវនេះគឺខាងអាជ្ញាធរសង្កាត់,ក្រុង,មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានពិភាក្សាគ្នាសម្រេចដក ដោយលោកឋានៈប្រធានភូមិមិនមានសិទ្ធិជំទាស់នោះទេ ។

លោក ហ៊ាន ហ៊ត់ ចៅសង្កាត់វិហាលួង មានប្រសាសន៍ ថា ការដកបារាសខាងលើនេះគឺខាងសាលាសង្កាត់ បានស្នើទៅអាជ្ញាធរក្រុងសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ មុនសម្រេចដកទៅដាក់កន្លែងថ្មី ដើម្បីបង្ករភាពងាយស្រូលសម្រាប់រថយន្តដឹកដំឡូងចេញ-ចូលរោងចក្រកែឆ្នៃដំឡូងមីដែលនៅក្បែរនោះ ។ លោកថាបើចង់ដឹងច្បាស់អាចទំនាក់ទំនងទៅខាងមន្ទីអភិវឌ្ឍន៍ជនបទបាន ។

ជុំវិញករណីខាងលើនេះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ទទួល ស្គាល់ថា ពិតជាបានដោះដូរបារាស់នោះប្រាកដមែន ដោយសារមានសំណូមពរពីម្ចាស់រោងចក្រ,ចៅសង្កាត់ និងលោកអភិបាលក្រុងសួង ។ លោកថា បើបន្តដាក់នៅ ដើមផ្លូវ អាចបាំងបានប្រមាណ៣០០ ម៉ែត្រតែខាងរោង ចក្រនិងបើករថយន្តវាងពីច្រកខាងជើងមកវិញ ដែលអាចធ្វើឳ្យខូចផ្លូវប្រមាណ ៣ គីឡូម៉ែត្រ ក្នុងនោះ ខាងចៅសង្កាត់ និងខាងរោងចក្រ ធានាជួសជុល បើសិនផ្លូវ ប្រមាណ ៣០០ ម៉ែត្រ នេះខូចខាត ។

ប្ពលរដ្ឋភូមិប្រស្រែលើ សុំមិនបញ្ជេញអត្តសញ្ញាណ បានរៀបរាប់ឳ្យដឹងថា អាជ្ញាធរក្រុងសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ គិតយ៉ាងម៉េចនោះទេ បានជាសុខចិត្ត ផ្គាប់ចិត្តថៅកែរោងចក្រម្នាក់ ដកបារាសការពារផ្លូវចេញ ដោយបំផ្លាញផលប្រយោជន៍ប្រជាជនទូទៅបែបនេះទៅវិញ ។ បំផ្លាញ ព្រោះថា រថយន្តធំៗអាចដឹកដំឡូងចេញ-ចូលបានដោយសេរីលើផ្លូវ ងាយធ្វើឳ្យផ្លូវរងការខូចខាត ពិបាកធ្វើដំណើរ ។

ជាមួយការលើកឡើងបែបនេះពួកគាត់ក៏បានសំណូមពរទៅអភិបាលខេត្តត្បូងឃ្មុំលោក ប៉ែន កុសល្យ ពិនិត្យលទ្ធភាពអន្តរាគមន៍រឿងនេះផង ព្រោះថាផ្លូវមួយខ្សែៗរាជរដ្ឋាភិបាលចំណាយលុយច្រើនណាស់កសាងឡើងដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីចិញ្ចឹម ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនកសាងឡើងសម្រាប់ផលប្រយោជន៍បុគ្គលតែម្នាក់ឡើយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed