រណ្ដៅដីស្របច្បាប់១កន្លែង ស្ថិតក្នុងភូមិត្រពាំងចំបក់ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរងនូវការគំរាមកំហែងពីលោកឧត្តមសេនីយ៍ទោយ៉ុង សំអុល អំពីការកាយផ្ដាច់ផ្លូវឬផ្ដាច់ច្រកចេញ-ចូលទៅក្នុងការដ្ឋានដោយសំអាងថា ក្រុមហ៊ុនរណ្ដៅដីស្របច្បាប់១កន្លែងនេះមិនបានចូលរួមធ្វើផ្លូវ។ ប៉ុន្តែខាងក្រុមហ៊ុនអះអាងថា បានចូលរួមចំណែកកសាងផ្លូវ អស់ថវិកា២ពាន់ដុល្លារ កាលពីឆ្នាំទៅ ដោយជូនផ្ទាល់ទៅលោកយ៉ុង សំអុល ។ យ៉ាងណាក៏ដោយអ្នករកស៊ីជីកអាចម៍ដីលក់ហាក់ដូចជាខ្លាចអំណាច លោកយ៉ុង សំអុល រួញខ្លួនទៅហើយ។
ប្រភពបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ នេះកូនចៅរបស់លោកឧត្តមសេនីយ៍ទោ យ៉ុង សំអុលបានបើករថយន្តទៅដល់ការដ្ឋានកាយដីខាងលើនេះហើយប្រាប់ទៅមេការក្រុមហ៊ុនកាយដីនោះ ឲ្យប្រញាប់ទាក់ទងទៅខាងលោកឧត្តមសេនីយ៍ជាបន្ទាន់។ ប្រសិន បើមិនមានការជួបចរចាយ៉ាងណាទេនោះ ខាងលោកឧត្តមសេនីយ៍ទោ នឹងចាត់វិធានការកាត់ផ្ដាច់ផ្លូវនៅថ្ងៃ ស្អែក(២៤)នេះហើយ។ វិធានការយ៉ាងណាទៀតនោះគឺត្រូវជួបពិភាក្សាគ្នា។ យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនមិនទាន់សម្រេចថាតើត្រូវធ្វើយ៉ាងណានៅឡើយទេ។
ប្រភពបានរាយការណ៍ថា លោកផ្កាយ២យ៉ុង សំអុល ធ្លាប់ទទួលបានការឧបត្ថម្ភពីម្ចាស់ការដ្ឋានរណ្តៅដីស្រប ច្បាប់១កន្លែងនេះចំនួន២ពាន់ដុល្លារ រួចម្ដងមកហើយ ដែលជាការចូលរួមចំណែក ក្នុងការកសាងផ្លូវទៅក្នុងការដ្ឋានរបស់ខ្លួន។ ក្រៅពីនោះក្រុមហ៊ុនខាងលើនេះក៏បានជួសជុលផ្លូវចូលក្នុងការដ្ឋានរបស់ខ្លួនមួយចំនួនផងដែរ។ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្ដេច បានជាថ្មីៗនេះកូនចៅរបស់លោកផ្កាយ២យ៉ុង សំអុល គំរាមថានឹងបិទផ្លូវឬកាយផ្ដាច់ផ្លូវ ប្រសិនបើមិនជួបចរចាជាមួយខាងលោកផ្កាយពីរទេនោះ។
ប្រភពពីម្ចាស់រណ្តៅដី១កន្លែងទៀតបានឲ្យដឹងស្រដៀង គ្នាដែរថា ប្រសិនបើមិនបង់លុយឲ្យលោកផ្កាយ២នោះទេគឺមិនអាចដឹកអាចម៍បានឡើយ។ ប្រភពនេះប្រាប់ថា លោកបានបង់ប្រាក់ឲ្យទៅលោកឧត្តមសេនីយ៍ទោយ៉ុង សំអុល ជាទឹកប្រាក់ចំនួន៣ពាន់ដុល្លារជាថ្នូរនឹងការសុំជញ្ជូនអាចម៍ដីលើផ្លូវរបស់លោកយ៉ុង សំអុល។ រីឯការបង់ប្រាក់នោះត្រូវបានបង្គាប់ថា ជាការស្ម័គ្រចិត្តមិនបង្ខិតបង្ខំ និងមិនអនុញ្ញាតឲ្យមានការរាយការណ៍ទៅសមត្ថកិច្ចខាងណានោះឡើយ។
ខាងក្រុមហ៊ុនរណ្ដៅដីនៅលើទីតាំងខាងលើនេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនស្របច្បាប់ដែលមានការបង់ពន្ធសួយសារអាករជូនរដ្ឋត្រឹមត្រូវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនការដ្ឋានរណ្តៅដី ក៏បានរួម ចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ផ្លូវក្នុងសហគមន៍នោះបានមួយចំនួនផងដែរ។ ជាងនេះទៀតការកសាងផ្លូវទៅក្នុងការដ្ឋាននោះ ក៏ក្រុមហ៊ុនបានរួម ចំណែករួចហើយដែរ។ ប្រភពពីមន្ត្រីអាជ្ញាធរនៅស្រុកគងពិសីនិយាយថា អំណាចលោកយ៉ុង សំអុល ជាន់ផ្អៀងស្រុកគងពិសីនិងស្រុកកណ្ដាលស្ទឹងដែលអាជ្ញាធរមូលដ្ឋានមិនហ៊ានក្អកនោះទេ បើទោះបីជាដឹងថាផ្លូវនោះគឺជាផ្លូវសាធារណៈរបស់រដ្ឋក៏ដោយ។
បើតាមប្រភពបានប្រាប់ថា ការដ្ឋានរណ្ដៅដីច្រើនកន្លែងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមួយចំណែកក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល សុទ្ធតែត្រូវប្រឈមនឹងការបង់ប្រាក់ជូនលោកផ្កាយ២យ៉ុង សំអុល,ខ្លះ២ពាន់, ៣ពាន់និងខ្លះ៥ពាន់ដុល្លារក្រោមលេសថា ផ្លូវច្រើនខ្សែក្នុងស្រុកទាំងពីរនេះត្រូវបានកសាងដោយលោកយ៉ុង សំអុល។ ប្រភពបន្ថែមថា កាលដើមឡើយលោកយ៉ុង សំអុល ក៏ជាអ្នករកស៊ីជីករណ្ដៅដីនៅតំបន់នោះដែរ។ ដូច្នេះផ្លូវមួយចំនួនក្នុងតំបន់នោះត្រូវលោកយ៉ុង សំអុល ធ្វើនិងដាក់លូដើម្បីសម្រួលដល់ការដឹកជញ្ជូនអាចម៍ដីរបស់លោកកាលណោះ។ ប៉ុន្តែសព្វថ្ងៃនេះ លោកយ៉ុង សំអុល មិនពាក់ព័ន្ធនឹងការរកស៊ីជីករណ្ដៅដីទៀតទេ។ ហេតុអ្វីលោកនៅតែមានសិទ្ធិគ្រប់គ្រងផ្លូវទាំងនោះទៅវិញ?
ប្រភពនានានិយាយថាផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិងស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ទោយ៉ុង សំអុល ដែលភាពចាំបាច់នៃការគ្រប់គ្រងផ្លូវនេះគឺបណ្ដាការដ្ឋានរណ្ដៅដីស្ទើរតែទាំងអស់ នៅក្នុងស្រុកទាំងពីរត្រូវតែបង់ប្រាក់ឲ្យលោកឧត្តមសេនីយ៍ទោដោយខានមិនបាន។
លោកឧត្តមសេនីយ៍ទោយ៉ុង សំអុល បានលើកទូរសព្ទប៉ុន្តែមិនបំភ្លឺពាក់ព័ន្ធនិងករណីនេះទេដោយគ្រាន់តែឆ្លើយតបយ៉ាងខ្លីថា “មិនបានបង្ខិតបង្ខំទេ” ហើយក៏ចុចផ្ដាច់ទូរសព្ទទៅ៕