ហាក់ដូចជាផ្ទុយស្រឡះពីសេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែរថា ក្រុមមន្ត្រីសាលាស្រុកលើកដែកគឺជាជនរងគ្រោះនោះ ពេលនេះមានសេចក្តីរាយការណ៍ថា ក្រុមលោកលុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែក បានសម្របសម្រួលជាមួយភាគីជនរងគ្រោះតាមរយៈសំណងជាលុយកាក់និងការយោគយល់គ្នាដើម្បីបញ្ចប់រឿងបានដោយជោគជ័យ។ ក្នុងពេលជា មួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ដែរថា កម្លាំងនគរបាលខេត្តកណ្ដាល បានបើកការស៊ើប អង្កេតករណីនេះឡើងវិញ ក្រោយពីមានការរិះគន់ច្រើនតាមបណ្ដាញសង្គម។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរទីកើតហេតុ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា អាណាព្យាបាលភាគីរងគ្រួសារពិតប្រាកដ បានទទួលការពឹងពាក់ពីជនទី៣ ដើម្បីសម្របសម្រួលបញ្ចប់រឿងករណីហិង្សានេះ។ ដូច្នេះវាប្រាកដថា ក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក មិនមែនជាជន រងគ្រោះដូចដែរសមត្ថកិច្ចនគរបាលរកឃើញនិងស្រាយបំភ្លឺនោះទេ។ ការសម្របសម្រួលបញ្ចប់រឿងជាមួយនឹងការបោះលុយ១លានរៀលទៅឱ្យក្រុមគ្រួសារជនរងគ្រោះនោះត្រូវបានប្រភពប្រាប់ថា បានបញ្ចប់រួចរាល់ហើយទៅលើភាគីរងគ្រោះទី១និងភាគីរងគ្រោះម្នាក់ទៀតក៏ បានសម្របសម្រួលរួចរាល់ហើយដែរ។
រឿងសទៅជាខ្មៅ,ខ្មៅទៅជាសនេះ បានធ្វើឲ្យមជ្ឈដ្ឋានបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំង ទៅលើសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប្រជាពលរដ្ឋនៅតំបន់ទីកើតហេតុអះអាងថា រឿងរ៉ាវវាមិនដូចអ្វីដែលជាការឆ្លើយតបបំភ្លឺទៅនឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ នៅលើបណ្ដាញសង្គមមាន(common) ការបញ្ចេញមតិជាច្រើនដែលបង្ហាញថា សេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលគឺជាការចំអកឡកឡឺយឲ្យភាគីជនរងគ្រោះនិងបានផ្ដល់សេចក្តីសុខសប្បាយដល់ភាគីជនបង្ក ដែលជាក្រុមមន្ត្រីសាលាស្រុកលើកដែក។
លើបណ្ដាញសង្គមបានលើកជាសំណួរថា តើហេតុផលអ្វីបានជាលោកលុច ពន្លឺ ទៅជន្លលេងភាគីម្ខាងទៀតនៅគ្រាដែលលោកដឹងថា ម្នាក់នោះកំពុងស្រវឹងដាបទៅហើយ។ តើការពិតវាយ៉ាងដូចម្ដេច? តាមសេចក្តីរាយ ការណ៍ថា គឺក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែកដឹកនាំដោយលោកលុច ពន្លឺ បានព្យាយាមអូសទាញជនរងគ្រោះទៅបន្ទប់ទឹក ហើយប្រើអំពើហិង្សាយ៉ាងចាស់ដៃទៅលើជនរងគ្រោះ។ នៅបន្ទប់ទឹកឬក្បែរបន្ទប់ ទឹក មិនមានបំពាក់កាមេរ៉ាសុវត្ថិភាពនោះទេ។ ដូច្នេះក្រុមលោកលុច ពន្លឺ គិតថា អ្វីដែលខ្លួនធ្វើមិនត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនោះឡើយ។
បើទោះជាមនុស្សស្គាល់គ្នា ឬមិនស្គាល់គ្នា ដោយប្រការណាមួយ ប៉ុន្តែការជន្លរលេងដោយលោកលួច ពន្លឺ គឺជាដើមហេតុនាំឲ្យមានអំពើហិង្សា។ មិនអស់ចិត្តពីក្បែរបន្ទប់ទឹក ទីដែលគ្មានកាមេរ៉ាសុវត្ថិភាព ពួកគេបន្តទៅប្រើហិង្សានៅមុខក្លឹបកំសាន្តដែលគេគិតថា កាមេរ៉ាសុវត្ថិ ភាពមិនអាចថតបាន។ ទំនងជាដោយសារឈឺផង ភាគីជនរងគ្រោះអាច នឹងជេរប្រទេចដោយប្រការណាមួយទៅលើក្រុមជនបង្ក ធ្វើឲ្យក្រុមលោកលុច ពន្លឺក្តៅក្នុងឱរ៉ាក៏ប្រើហិង្សាមួយឈុតទៀត។ បន្ទាប់មកក៏មានករណីផ្ទុះ អាវុធនៅមុខផ្ទះជនរងគ្រោះនោះថែមទៀត។
ដំណើរដើមទងបណ្ដាក់គ្នាដូចខ្យងយ៉ាងនេះ ហេតុអ្វី បានជាគេបំភ្លឺថា ជនបង្កទៅជាជនរងគ្រោះហើយ ជនរងគ្រោះទៅជាជនបង្ក។ នោះក៏ព្រោះតែជនបង្កបានទៅដាក់ពាក្យបណ្ដឹងមុនជនរងគ្រោះ ឬយ៉ាងដូចម្ដេច? ក្រោយឈ្នះ នៅលើសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តកណ្ដាល ក្រុមលោកលុច ពន្លឺ បានសម្របសម្រួលជាមួយភាគីជនរងគ្រោះ ដោយចំណាយលុយ១លានរៀលដើម្បីបញ្ចប់រឿង ទៅវិញ? តើករណីនេះគួរឲ្យឆ្ងល់ដែរឬទេ?
គ្រាន់តែនៅលើខ្ទង់ ខំមិន(common) តាមបណ្ដាញសង្គមក៏អាចយល់បានដែរថា តើការពិតនោះយ៉ាងណា?ឬមួយក្នុងនាមសមត្ថកិច្ច គ្រាន់តែទាញក្រដាស១សន្លឹកយកមកបំភ្លឺរួចហើយបញ្ចប់រឿង? យ៉ាងណាក៏ដោយប្រភពបង្ហើបថា កម្លាំងនគរបាលមួយក្រុមបាននឹងកំពុងចុះទៅស៊ើបអង្កេតរឿងនេះឡើងវិញ ដើម្បីរកស,ខ្មៅផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។ ប្រជាពលរដ្ឋនៅតំបន់ពីកើតហេតុរំពឹងថា យុត្តិធម៌នឹងមានសម្រាប់ភាគីទាំងសងខាង?។
រឿងនេះវាដូចជាករណីដំរីងាប់ យកចង្អេរទៅបាំងយ៉ាងដូច្នោះដែរ។ ហេតុដូចម្ដេចបានជាត្រូវព្យាយាមការពារពួកជនល្មើសខិលខូចយ៉ាងដូច្នោះទៅវិញ? ករណីបាញ់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងយប់អាធ្រាត្រនឹងត្រូវខណ្ឌចប់ដោយសុវត្ថិភាពឬយ៉ាងដូចម្ដេច? តើសេចក្តីបំភ្លឺ១សន្លឹករបស់ស្នងការនគរបាលខេត្តកណ្ដាល នឹងត្រូវបញ្ចប់រឿងក្រុមអ្នកប្រើហិង្សាលោកលុច ពន្លឺ នោះ
ដែរឬទេ?មហាជនកំពុងរង់ចាំមើលចំណាត់ការបន្តទៀត៕