ទីតាំល្បែងសុីសងអនឡាញចាក់បាល់១កន្លែងល្បីថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយសមត្ថកិច្ចប្រចាំតំបន់មិនហ៊ានប៉ះ ជ្រកក្រោមយីហោកាស៊ីណូ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុង ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នោះគឺទីតាំងកាស៊ីណូឡាក់គី នៅកណ្តាលក្រុងប៉ោយប៉ែតដែលបើកដំណើរការជាចំហរដោយមិនញញើតសមត្ថកិច្ចជំនាញនោះឡើយ។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចជំនាញ ចំពោះអំពើបំពានច្បាប់នេះធ្វើឲ្យប្រជាពលរដ្ឋយល់ថា សមត្ថកិច្ចពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយទីតាំងនេះ។
ទីតាំងបើកល្បែងភ្នាល់នេះ លេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសងចាក់ភ្នាល់បាល់ ដោយបំផ្លិចបំផ្លាញទ្រព្យ សម្បត្ដិ ក្នុងគ្រួសារហើយចាក់ចាញ់អស់ បណ្ដាលឲ្យកើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ចក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត មិនហ៊ានប៉ះពាល់ទីតាំងនេះទេ ដោយល្បីថា មានអ្នកធំកាងនៅពីក្រោយទើបទី តាំងនេះបើកលេងបានដោយសុវត្ថិភាព។ វាហាក់ដូចជា ងងើលយ៉ាងខ្លាំង ពីព្រោះបញ្ហាល្បែងចាក់ភ្នាល់បាល់នេះ គឺត្រូវបានបង្ក្រាបទាំង ស្រុងនៅទូទាំងប្រទេស។
តាមប្រភពច្បាស់ការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់ឲ្យ ដឹងថា ទីតាំងមួយនេះបានបើកលេងជាយូរមកហើយ ហើយក៏មានអ្នកធំជាខ្នងបង្អែកនៅពីក្រោយ ថែមទៀតផងទើបមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានណាហ៊ានចុះមកក្បែរ ។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំង ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យ ទាំងមូលដែលមិនព្រមចាត់វិធានការចំពោះទីតាំងចាក់ភ្នាល់ល់បាល់១កន្លែងនេះ។ រឿងងាយ ស្រួលទេ, ប្រសិនបើគ្មានការឃុបឃិតជាមួយសមត្ថកិច្ចទេនោះទីតាំងល្បែងស៊ីសងចាក់ភ្នាល់បាល់ នៅកណ្ដាលក្រុងប៉ោយប៉ែតបើកជ្រងោលមួយនេះ មិនអាចដំណើរ ការបាន ដោយសេរីនោះឡើយ។
ប្រភពបានបានឱ្យដឹងថា ចាប់ពីម៉ោង ៦ល្ងាចជារៀង រាល់ថ្ងៃ មានពលរដ្ឋខ្មែរ ចេញ-ចូលមកចាក់ភ្នាល់យ៉ាងច្រឿនកុះករ។ គ្រាន់តែម៉ូតូអ្នកចូលទៅចាក់បាល់នៅមុខអាគារទីតាំងខាងលើនេះក៏អាចស្ទះចរាចរណ៍បានដែរ។ប៉ុន្តែគេមិនឃើញមានចំណាត់ការពីអាជ្ញាធរជំនាញនោះឡើយ។ បើអាជ្ញាធរឆ្លើយថា មិនដឹង ឬមិនឃើញនោះគឺពិតជាមិនត្រឹមត្រូវឡើយ។ ពីព្រោះគេអាចមើលឃើញដោយភ្នែកទទេ តាមរយៈម៉ូតូ,រថយន្តរាប់រយគ្រឿងដាក់ចតនៅមុខអាគារឡាក់គីនោះ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត,លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តម សេនីយ៍ត្រី បោន ប៊ុិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់មន្ត្រីជំនាញ ចុះបង្ក្រាប ម្ចាស់ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ពីព្រោះល្បីថា មន្ត្រីនៅក្រុងប៉ោយប៉ែតមិនហ៊ានប៉ះពាល់ទីតាំងចាក់បាល់ នោះទេ ដោយយោងអនុសាសន៍ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ខេត្ត-ក្រុង ត្រូវតែបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស៕