ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លៀសខុសច្បាប់(ល្អិតៗ)២រថយន្តទៀត ត្រូវបានដឹកជញ្ជូនតាមរយៈរថយន្តឆ្ពោះទៅប្រទេសវៀតណាម បានដោយជោគជ័យ ។ នេះគឺដូចអ្វីដែលឈ្មួញស្រី ថៅកែលៀសបានអួតក្តែងៗថា សមត្ថកិច្ចទាំងនោះគឺចាំតែទទួលយកលាភសក្ការៈពីខ្លួនប៉ុណ្ណោះ។ បើទោះបីជាការដឹកជញ្ជូននិងការនេសាទលៀសជាទង្វើខុសច្បាប់ ក៏ដោយ ក៏សមត្ថកិច្ចច្រើនស្អេកស្កះនៅតំបន់មាត់បឹងទន្លេសាប ក៏ដូចជានៅមាត់បឹងទន្លេសាបមិនខ្វល់នោះដែរ។
ប្រភពឲ្យខ្សិបថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ អ្នកស្រីសន វ៉ាន់នី ជាអ្នករកស៊ីដឹក ជញ្ជូននាំលៀសទៅប្រទេសវៀតណាម ជាយូរឆ្នាំមក ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ។ ការ ដែលគាត់អាចរកស៊ីដឹកជញ្ជូនលៀស ឆ្លងប្រទេសបានទាំងបំពានច្បាប់ដូច្នេះព្រោះតែមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផល លោកយូរ សុវិចិត្រប្រចាំនៅស្រុកក្រគរនោះតែម្ដង។ ជាក់ស្ដែងកាលពីវេលាទៀបភ្លឺឆ្លងចូលថ្ងៃទី១៦ខែធ្នូនេះ ហាក់ដូចជាមានការរំជើបរំជួលខ្លាំងអំពីករណីនាំលៀសរបស់អ្នកស្រី សន វ៉ាន់នី ព្រោះតែសមត្ថកិច្ចដែលទទួលបានលាបសក្ការៈឲ្យចេញ,តែអ្នកដែលមិនបានស៊ីចុកព្យាយាមតាមចាប់។
ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាបស្ថិតនៅភូមិកំពុងឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញ ដំណើរតាមច្រកព្រំដែនជ្រៃធំ ខេត្តណ្ដាល ចូលទៅប្រទេសវៀតណាម។ ប៉ុន្មានយប់ជាប់ៗគ្នានេះ ការដឹក ជញ្ជូនលៀសរបស់លោកថៅកែស្រីឈ្មួញ សន វ៉ាន់នី បានជោគជ័យរាល់លើក បន្ទាប់ពីរអាក់រអួលកាលយប់ថ្ងៃទី១៥ ខែ ធ្នូ មកនោះ។ ប្រភពបានបន្ថែមថា ឈ្មួញស្រី សន វ៉ាន់នី មានឥទ្ធិពលខ្លាំងណាស់ ជាមួយពួកអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់បឹងទន្លេសាប ក៏ដូចជានៅតាមដងផ្លូវក្នុងរបររកស៊ីដឹកលៀស ខុសច្បាប់ទៅប្រទេសវៀតណាម។
លោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ បានប្រាប់អ្នកកាសែតថា លោកមិនបានដឹងអំពីករណីនេះទេ ពី ព្រោះលោកមិននៅក្នុងមូលដ្ឋាន នៃខេត្តពោធិ៍សាត់នោះឡើយ ដោយជាប់រវល់មកថែជំងឺម្ដាយនៅភ្នំពេញ។ ទោះយ៉ាងណា ក៏ដោយនៅក្នុងមូលដ្ឋានខាងលើនោះ មាន សមត្ថកិច្ចជំនាញច្រើនផ្សេងទៀត ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិប្រចាំការនៅទីនោះដែរ។ ដូច្នេះវាមិនមែនស្ថិតនៅលើកការទទួលខុសត្រូវរបស់លោកតែម្នាក់នោះឡើយ។
ប្រភពបញ្ជាក់ថា លៀសខុសច្បាប់កំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញក្រៅប្រទេស ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាតមិនឲ្យពលរដ្ឋនេសាទនោះទេ ជាពិសេសការដឹកជញ្ជូននាំចេញទៅប្រទេសជិតខាង ផ្ទុយទៅវិញាឈ្មួញនៅតែប្រព្រឹត្តិបានយ៉ាងរលូនផ្គើននឹងច្បាប់ នេះក៏ដោយសារតែមន្រ្តីជំនាញបើកដៃ ដែលមានលោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ។ ករណីខាងលើនេះ សូមថ្នាក់ក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង ម្យ៉ាងទៀតឈ្មួញលៀស និងមន្ត្រីជំនាញគេសង្កេត ឃើញមានការភាពស្និតស្នាលគ្នាផងដែរ ពិសេសជាងនេះសមត្ថកិច្ចតាមដងផ្លូវ ៕