ខេត្តតាកែវ ៖ ពលរដ្ឋដែលកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្ត តាកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ពិសេសលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាអន្តរាគមន៍ និងធ្វើអធិការកិច្ចលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ដែលមានអាសយដ្ឋានភូមិលំចង់ ឃុំលំចង់ ស្រុកសំរោង ក្រោយចេញវិក័យបត្រឲ្យពលរដ្ឋ១គ្រួសារ ក្នុងខែវិច្ឋិកា ឆ្នាំ២០២៤ ថាបានប្រើប្រាស់អស់ទឹក១.៧៤៤ ម៉ែត្រគីប គិតជាទឹកប្រាក់៤.០១១.២០០ រៀល។
តាមការបញ្ជាក់ពីអតិថិជនឈ្មោះ សុខ សុខា ភេទស្រី ដែលកំពុងរងគ្រោះករណីខាងលើនេះបានឱ្យដឹងថា រាល់ខែគាត់ប្រើប្រាស់ទឹកយ៉ាងច្រើនអស់៤ម៉ឺនទៅ៥ម៉ឺនរៀលប៉ុណ្ណោះ ស្រាប់តែខែវិច្ឆិកា ប្រើអស់ជាង១ ០០០ ម៉ែត្រគីប គិតជាលុយដល់ទៅជាង៤លានរៀល។ គាត់បន្ថែមថា ខាងក្រុមហ៊ុនសុំសម្រួលឲ្យគាត់បង់ត្រឹមតែ ១,២០០,០០០ រៀលវិញដើម្បីបញ្ចប់រឿង តែគាត់មិន ព្រមព្រោះវាហួសហេតុពេក។
តាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបាននិយាយថា ករណីស្រដៀងគ្នានេះបានកើតឡើងជារឿយៗ នៅ ក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ ពិសេសបណ្ដាប្រជាពលរដ្ឋដែលប្រើប្រាស់ក្រុមហ៊ុនខាងលើនេះ។ អ្នក ប្រើប្រាស់ទឹកក្រុមហ៊ុនសំណាងឌីណាលំចង់និយាយថាហើយនេះក៏មិនមែនជាករណីថ្មីទេ ជាករណីចាស់កើតឡើងដដែលៗដែលថៅកែទឹកស្អាតខាងលើ ធ្លាប់ធ្វើដាក់អតិថិជនក្នុងសហគមន៍។
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ដា ហៅម៉ាប់ ថៅកែទឹកស្អាត សំណាងឌីណាលំចង់ បានបកស្រាយថា បានជាយ៉ាងនេះ ព្រោះកន្លងមកបុគ្គលិកគាត់កត់គីឡូខ្វះ ចឹងហើយបានជាពេលនេះគាត់ស្រាវជ្រាវទៅឃើញប្រើអស់ប៉ុណ្ណឹង។ គាត់ថា បុគ្គលិកគាត់ស្មានៗគីឡូហើយកត់ ទើបគីឡូវាឡើងច្រើនជាន់គ្នាទៅ។
ប្រសិនបើវាដូចជាករណីខាងក្រុមហ៊ុននិយាយមែននោះមិនមែនជាកំហុសរបស់អ្នកប្រើប្រាស់ទេ។ ប៉ុន្តែវាជាការ ទទួលខុសត្រូវនិងជាកំហុសរបស់ភាគីក្រុមហ៊ុនទឹកស្អាតនោះតែប៉ុណ្ណោះ។
ករណីខាងលើនេះគួរតែមានការស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានច្បាស់លាស់ ជាពិសេសរដ្ឋបាលខេត្តតាកែវ ក៏ ដូចជាអាជ្ញាធរពាក់ព័ន្ធផ្នែកទឹកស្អាតនៅក្នុងខេត្តតាកែវផ្ទាល់តែម្ដង ដើម្បីបញ្ចប់បញ្ហានេះ ព្រោះតើប្រជាពលរដ្ឋឯណាទើបមានលទ្ធភាពបង់ប្រាក់ថ្លៃទឹកប្រើប្រាស់ទឹកស្អាតដល់ជាង៤លានរៀលនោះ?
ជាងនេះទៅទៀតរដ្ឋបាលខេត្តតាកែវគួរពិនិត្យលទ្ធភាពមើលថា តើក្រុមហ៊ុនពិតជាបានផលិតទឹកស្អាតដែលមានមូលដ្ឋានដោយខ្លួនឯងឬ ក៏បានបូមទឹកពីបណ្ដាបឹងធម្មជាតិជិតខាងរបស់អ្នកភូមិ ដើម្បីចែកចាយឲ្យអ្នកភូមិប្រើប្រាស់ឬយ៉ាងដូចម្ដេច? បើប្រភពទឹកទាំងនោះគឺបូមមកពីបឹងធម្មជាតិ ដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកដដែលនោះ គួរតែពិចារណាលើបញ្ហាតម្លៃផង៕