(កំពង់ស្ពឺ) ៖ ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា “ក្នុងករណីដែលមានកិច្ចការងារបន្ទាប់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់ឯកឧត្តម ដោយផ្ទាល់ភ្លាមៗ ដោយមិនត្រូវរង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំនោះទេ ” ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកា សាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារសម្រេចបានជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋតាមរយៈវេទិការសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស។

តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺទាំងអស់ ដែល​បាន​បំពេញ​តួនាទីភារកិច្ច​យ៉ាង​សស្រាក់សស្រាំ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន​​ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed