ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ត្រូវកម្លាំងកងអាវុធហត្ថខេត្តធ្វើការឃាត់ និងបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូអូសផ្គាក់លើផ្លូវគំរាមដល់គូរសត្រូវ ហើយលេខឮថាឪពុកម្តាយ និងអាណាព្យាបាលកំពុងតែរត់រកកិច្ចអន្តរាគមន៍ដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែបទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺថ្មីរិតបណ្តឹងរឿងក្រុមក្មេងទំនើងខ្លាំងណាស់។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជារៀងរាល់យប់ កម្លាំងអាវុធហត្ថតែងធ្វើការល្បាតដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការល្បាតនោះ ក៏បានប្រទះឃើញក្រុមយុវជនមួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូច្រើនគ្រឿង នៅចំណុចផ្សាររាត្រី ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយក្នុងនោះពួកគេបានអូសកាំបិតផ្គាក់លើដងផ្លូវដើម្បីគំរាមដល់ភាគីម្ខាងទៀត ដែលសង្ស័យជាគូរសត្រូវរបស់ពួកគេ។ ក្រោយកម្លាំងអាវុធហត្ថប្រទះឃើញសកម្មភាពបែបនេះ កម្លាំងល្បាតអាវុធហត្ថក៏បានដេញតាម ឃើញដូច្នេះក្រុមក្មេងទំនើងទាំងនោះក៏បានបើកម៉ូតូរត់បែកហ្វូងគ្នាអស់ អកុសលមានតែយុវជន៦នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួនយកមកសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ត។
មន្ត្រីអាវុធហត្ថបានបន្តថាយុវជនជាក្រុមក្មេងទំនើងទាំង៦នាក់ដែលឃាត់ខ្លួនមាន
ទី១-ឈ្មោះ វឿន សុខវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ សុីម សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ ផាន់ ជាវ៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ ទី៤-ឈ្មោះ រ៉ំ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី៥-ឈ្មោះ កែវ សារី ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៦-ឈ្មោះ ឃុម រ៉ាវុធ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា÷នៅក្នុងប្រតិបត្តិការដេញចាប់នើដែរ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន០៣គ្រឿង(ម៉ាក Honda ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1X-4121,ម៉ាក Honda ទឹកមាស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-3381,ម៉ាក់ Honda ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-9382),ទូរស័ព្ទ ចំនួន ០៥គ្រឿង និងកាំបិតផ្គាក់ ចំនួន០១ដើម។
សូមបញ្ជាក់ផងដែរថា ក្រោយពេលបញ្ជូនក្រុមក្មេងទំនើងទាំង៦នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺភ្លាម មានដំណឹងមកថាឪពុកម្តាយជាអាណាព្យាបាលរបស់ក្មេងទំនើងទាំង៦នាក់នោះបានចំណាយលុយយ៉ាងច្រើនដើម្បីស្វែងរកអ្នកជួយអន្តរាគមន៍ដើម្បីដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា អយ្យការសម្រេចឱ្យរួចខ្លួនដែរឬយ៉ាងណានោះទេ! ប៉ុន្តែបើតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តបានណែនាំដល់ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាឱ្យដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរ ទៅលើក្រុមក្មេងទំនើងនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីឱ្យក្មេងទំនើងទាំងអស់នោះមានការរៀងចាល ឈប់ធ្វើបែបអនាធិបតេយ្យប៉ះពាល់ដល់សុខសុវត្ថិភាពសង្គម៕