ក្រមា មានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទ ប្រើប្រាស់ក្រមាតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង កម្រាល ស្លៀក ដណ្តប់ បិទបាំង ជួតក្បាល ទទូ ជូតញើសឬខ្លួនប្រាណ ចោមពង់ ផ្លាស់ងូតទឹក បង់ក ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមា មានភស្តុតាងជាច្រើនដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ចម្លាក់នៅប្រាសាទបាយ័ន តំបន់អង្គរខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថាជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃដែលជាងចម្លាក់នាសម័យកាលនោះយកមកធ្លាក់។ ភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង វិហារវត្តព្រះស៊ីសុវត្ថិរតនារាមខេត្តកណ្តាល វិហារវត្តរាជបូព៌ ខេត្តសៀមរាប និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅខេត្តកណ្តាលជាដើម។

ភស្តុតាងតាមរយៈសំណេរផ្សេងៗមាន ច្បាប់ស្រី របស់ម៉ឺនមៃ សម័យកណ្តាល ច្បាប់ល្បើក ថ្មីរបស់ក្រមង៉ុយ ឆ្នាំ១៩២២ ចម្រៀង និងភ្លេង កន្សែងក្រហម កន្សែងសូត្រ កន្សែងបង់ក បទឱផ្ទៃស្រុកខ្មែរ និងក្នុងចម្រៀងជាច្រើនទៀត។

ក្រៅពីនេះ ក្រមាផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែងនៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើង អ្នកតា ដែលជានិមិត្តរូបនៃស្រែ។

ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយ និមន្តលោកមកទោះយកក្រឡានក្នុងពិធីនោះ គេយកក្រមាក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។

នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូបហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្ត សៀមរាប ខេត្តបន្ទាយមានជ័យ ក្រមាអំបោះជ្រលក់ពណ៌ត្រុំដែលនៅខេត្តកំពង់ចាម ក្រមា ឆេះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមាបានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។

ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *