ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ទីតាំងស៊ីសងច្រើនប្រភេទ ដែលដាក់ស្លាកស្នុកឃ័រនៅខាងមុខ តែខាងក្នុងបង្គប់ល្បែងស៊ីសង ដែលសម្បូរទៅដោយជន ជាតិចិននិងខ្មែរចូលលេងយ៉ាងរលូនស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនឃើញមានសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ មានសមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ទំនងជាបានទទួលលាបសក្ការៈគ្រប់គ្រាន់ហើយ។
ប្រភពពីផ្ទៃក្នុងបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខាង លើនេះ មានល្បែងច្រើនប្រភេទនៅខាងក្នុងដែលអាចតម្រូវចិត្តអ្នកលេងបានគ្រប់គ្នា។ មានតាំងពីទូហ្គេមបាញ់ត្រី ក៏ដូចជាល្បែងបៀរស្លុតម៉ាស៊ីនជាច្រើនទៀត ផង។ រីឯអ្នកលេងល្បែង គឺភាគច្រើនជាតិយុវជនខ្មែរនិងជនជាតិចិនដែលបណ្តើរគ្នាត្រសងចូលលេងដោយមិនខ្លាចរអាច្បាប់ទម្លាប់អ្វីឡើយ។ នៅទីតាំងខាងលើនេះគេតែងតែឃើញមានសមត្ថកិច្ច ជិះកាត់ជាញឹកញាប់ដែរ។ប៉ុន្តែហាក់ដូចជាធ្វើមិនឃើញយ៉ាងម៉េច។
ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសងនៅក្នុងនោះមិនញញើតច្បាប់ទម្លាប់អ្វីទេ បើទោះបីជាគេដឹងថា ទីតាំងខាងលើនោះមិនស្របច្បាប់ក៏ដោយ។ ជួនកាលពួកគេបង្កទំនាស់វៃតប់គ្នានៅតាមដងផ្លូវពេលចេញពីលេងល្បែងនៅទីតាំងខាងលើ ឬក៏បង្កឲ្យមានបញ្ហាសន្តិសុខនៅតំបន់នោះជាញឹកញាប់។ ករណីនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យក៏បានដឹងដែលប៉ុន្តែហាក់ដូចជាមិនមានចំណាត់ការនោះទេ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យ អំពីទំនាក់ទំនងរវាងម្ចាស់ទីតាំងល្បែងស៊ីសងដែលជាជនជាតិចិន ជា មួយនឹងអាជ្ញាធរមានសមត្ថកិច្ចនៃយើង។
ប្រជាពលរដ្ឋសូមសំណូមពរដល់ សមត្ថកិច្ចមូលដ្ឋាននិងលោកអធិការខណ្ឌ ក៏ដូចជាអភិបាលខណ្ឌពោធិ៍សែនជ័យជួយបង្ការ និងបង្ក្រាបទីតាំងខាងលើនេះឲ្យស្របទៅនិងប្រសាសន៍ថ្នាក់ដឹកនាំចំណុចភូមិឃុំមានសុវត្ថិភាព។ ការដែលអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងល្បែងស៊ីសងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថាសមត្ថកិច្ចនៃយើងទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ល្បែងស៊ីសងនោះ ហើយបានជាមិនបង្ក្រាបយ៉ាងដូច្នេះ។ ដូច្នេះបើមិនបានប្រយោជន៍ពីពួកថៅកែល្បែងទេ គូនាំគ្នាទៅបង្ក្រាបទៅ។ ហើយមុនបង្ក្រាប ក៏កុំជូន ដំណឹងហើយថៅកែដឹងខ្លួនមុន?៕