ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន ចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍បានចាប់បដិសណ្ឋិឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានឈ្មោះថា «រណសិរ្សសាមគ្កីសង្រ្គោះជាតិ»។ ក្រោមការដឹកនាំនៃបិតាស្ថាបនិកមានដូចជា សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនកំពូលជាច្រើនរូបទៀត រណសិរ្សបានក្លាយកម្លាំងរួបរួមដ៏ខ្លាំងក្លា ហើយធ្វើការរំដោះប្រទេសជាតិបានដោយជោគជ័យនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។
ស្មារតី ២ ធ្នូ គឺជាការលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិដែលបានឆ្លុះបញ្ចាំងក្នុងថ្ងៃនេះកាលពី៤៦ឆ្នាំមុន។ សច្ចធម៌ប្រវត្តិសាស្រ្តមួយនេះបានដក់ជាប់ក្នុងបេះដូងយើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ។ទោះបីជាយើងរស់នៅសុខសាន្តក្រោមម្លប់នៃសន្តិភាព តែស្មារតី ២ធ្នូនៅតែជាគម្រូវីរភាពដ៏ធំធេងដែលយើងខ្ញុំទាំងអស់នឹងចងចាំជានិច្ចនិរន្តរ៍។
ខ្ញុំសូមឧទ្ទិសទិវានេះជូនដល់អតីតយុទ្ធជន យុទ្ធនារី និងអតីតយុវជនទាំងអស់ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីកសាងបាននូវសុខសន្តិភាព និងភាពសំបូររុងរឿងដែលពួកយើងកំពុងមានសព្វថ្ងៃ។ យើងខ្ញុំប្តេជ្ញាបន្តដើរតាមគំរូវីរភាពដ៏អង់អាចក្លាហាននេះ ដើម្បីបន្តថែរក្សា ការពារ និងកសាងបន្ថែមនូវសមិទ្ធផលនានាដែលត្រូវបានពុះពារកសាងបានដ៏លំបាក។