បន្ទាប់ពីប្រតិបត្តិការសហការ ជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្ត៥គ្រឿង ដឹកគ្រឿងសង្ហារឹមនៅឯខេត្តមណ្ឌលគិរីរួចមកនោះ លោកតាន់ គឹមសួរ និងមន្ត្រីជំនាញ បានបន្តចុះទៅស្វែងរកបទល្មើសនៅតំបន់ពូជ្រៃស្ថិតក្នុងស្រុកពេជ្រាដា បន្តទៀត ដោយរកឃើញគំនរឈើខ្លឹមជាច្រើនដុំក្នុងដែនជម្រកសត្វព្រៃស្រែពក។ ពួកមន្ត្រីដែលធ្លាប់ប្រព្រឹត្តល្មើសពាក់ព័ន្ធ នឹងបញ្ហាព្រៃឈើនៅខេត្តមណ្ឌលគីរី ហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះវត្តមានរបស់លោកតាន់ គឹមសួរ នោះឡើយ បើទោះបីជាពួកគេមានខ្នងបង្អែកយ៉ាងណាក៏ដោយ។

ក្នុងវីដេអូរយៈពេលជិត២នាទី ដែលលោកតាន់ គឹមសួរបង្ហោះតាមបណ្ដាញសង្គម បានឲ្យឃើញឈើមុខកាត់ ធំៗជាគំនរនិងក្នុងស្រះទឹក នៅក្នុងភូមិសាស្ត្រ ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយមិនមានមន្ត្រីណាចេញមកទទួលខុសត្រូវចំពោះបញ្ហាបទ ល្មើសនេះទេ រាប់ទាំងខាងបរិស្ថាន,រដ្ឋបាលព្រៃឈើនិងរដ្ឋបាលស្រុកពេជ្រាដា។ ប៉ុន្តែមហាជន មើលទៅហាក់ ដូចជាមានការព្រួយបារម្ភអំពីសុវត្ថិភាព លោកតាន់ គឹម សួរ ច្រើនជាងអ្វីដែលលោកបានធ្វើ នាពេលកន្លង ទៅនៅខេត្តពោធិ៍សាត់និងខេត្តកំពង់ធំ។

លោកតាន់ គឹមសួរបានធ្វើអត្ថាធិប្បាយថា “យើងបានមកឃើញឈើឃ្លុំ សម្រាប់នាំចេញ ដូចប្រភេទឈើនៅខេត្តពោធិ៍សាត់ជាច្រើនដុំ នៅឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ នេះហើយគឺជាឫសគល់នៃវិនាសកម្មព្រៃឈើ ដែលមាននៅក្នុងស្រះទឹកបី,បួនកន្លែងទៀតដែលត្រៀមនាំចេញទៅប្រទេសវៀតណាម។ ខ្ញុំមិនដឹងថាការនាំចេញទៅប្រទេសវៀតណាម យ៉ាងដូចម្ដេចទេប៉ុន្តែមានការពាក់ព័ន្ធជាខ្សែតែម្ដង”។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានដឹងអំពីគំនរឈើ នៅទីកន្លែងផ្សេងទៀតរាយការណ៍ប្រាប់លោក,លោកនឹងទៅផ្សព្វ ផ្សាយបន្តទៀត។

សម្រាប់លោកតាន់ គឹមសួរ ហាក់មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការរាយការណ៍អំពីបញ្ហាបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីទោះបីជាលោកបង្ហាញអំពីអារម្មណ៍រងារ (សុវត្ថិភាព)បន្តិចក៏ដោយ។ លោកបានសរសេរថា”ខ្ញុំនឹងរាយការណ៍ជូនថ្នាក់ដឹកនាំទាំងអស់ អំពីមន្ត្រីណាដែលកំពុងតែព្យាយាស្រាយសម្រួលបន្ទុកឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តមណ្ឌលគិរីនេះ។ ខ្ញុំដឹងច្រើនថាមន្ត្រីណាខ្លះនៅពីក្រោយបទល្មើស។ កុំប៉ះខ្ញុំ ខ្ញុំមានយ័ន្តខ្ញុំប្រឹងធ្វើដោយមិនខ្លាចស្លាប់ ក៏ព្រោះតែមិនចង់បណ្ដោយឲ្យអស់លោក បន្តបង្កើតភាពក្ដៅក្រហាយចំពោះប្រជាជន និងធ្វើឲ្យប្រជាជនបាត់បង់ទំនុកចិត្តទៅលើរាជរដ្ឋាភិបាល។ អស់ លោកបានផលប្រយោជន៍ ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនរបស់អស់លោក តែអស់លោកធ្វើឲ្យប្រជាជនគិតថារាជ រដ្ឋាភិបាលមិនមានការយកចិត្តទុកដាក់ជាមួយសម្បតិ្តធនធានធម្មជាតិ ទាំងដែលក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកំពុងតែមានការខិតខំទាំងយប់ទាំងថ្ងៃរិះរកគ្រប់វិធីដើម្បីបំបាត់ ការបាត់បង់ធនធានធម្មជាតិបន្តទៀត។ អស់លោកហាក់ដូចជាកំពុងតែដុតដុំថ្មឲ្យឆេះក្ដៅ ហើយបោះឲ្យរាជរដ្ឋាភិបាលចាប់អ៉ីចឹង តែផលប្រយោជន៍ អស់លោកប្រមូលដាក់ចូលហោប៉ៅផ្ទាល់ខ្លួន”។

លោកតាន់ គឹមសួរ បានបន្តថា “បើរាជរដ្ឋាភិបាលមិនមានការគិតគូរអំពីសម្បត្តិធនធានធម្មជាតិទេ មិនមែនសម្ដេចហៅខ្ញុំឲ្យចូលជួបសម្ដែងការគួរសម ពិភាក្សាថាធ្វើយ៉ាងណាអាចកម្ចាត់ខ្មូតស៉ីឈើ ឲ្យអស់ពីផែនដីនេះ នោះទេ”។ លោកបន្តសរសេរលើសង្គមហ្វេសប៊ុកថា អស់លោកជនជាតិខ្មែរឥស្លាមមួយចំនួនតូច នៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី កំពុងតែបង្កើតនូវរូបភាពមិន ល្អដោយប្រព្រឹត្តិនូវឧក្រិដ្ឋកម្មព្រៃឈើយ៉ាងសកម្មរាប់សិបឆ្នាំ ដោយមិនមានការខ្លាចរអាញញើតច្បាប់អ្វីបន្តិចទាល់តែសោះ។ អស់លោកកំពុងតែបំផ្លាញភាពល្អផូផង់របស់ខ្មែរឥស្លាមដទៃទៀតហើយ សូមបងប្អូនឥស្លាមយកចិត្តទុកដាក់លើរឿងនេះ និងឈានឆ្ពោះទៅដល់ការដាក់ទោសទាន់ឧក្រិដ្ឋជនម្នាក់នេះតាមច្បាប់សាសនាឲ្យបានធ្ងន់ធ្ងរជាទីបំផុត។

ប្រភពផ្សេងៗខ្សិបថា បទល្មើសព្រៃឈើខេត្តមណ្ឌលគិរី បើគ្មានការគុបគិតពីសមត្ថកិច្ចជំនាញបរិស្ថាន,កសិកម្មនិងអាជ្ញាធរដែនដីទេ គឺពិតជាមិនអាចកើតឡើងបានឡើយ។ ឆ្លើយតបចំពោះការលើកឡើងពីបញ្ហាបទល្មើស ដែលលោកតាន់ គឹមសួរ រកឃើញនៅឃុំពូជ្រៃ ក្នុងដែនសមត្ថកិច្ចអភិរក្សបរិស្ថានស្រែពក នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី លោកវុធ សារុម ប្រធានការិយាល័យដែនជំរកសត្វព្រៃស្រែពកឲ្យដឹងថា គំនរឈើទាំងនោះ មិនស្ថិតក្នុងដែនជម្រកសត្វស្រែពកនោះទេ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីដែនជម្រកហើយវាជាប្រភេទគ្រឿងឈើ ដែលស្ថិតនៅក្រោយផ្ទះរបស់ប្រជាពលរដ្ឋរក្សាទុកជាយូរណាស់មកហើយ។

ប្រភពខ្សិបថា ឈើដែលលោកតាន់ គឹមសួរ រកឃើញនោះមានពាក់ព័ន្ធទៅនឹងសមត្ថកិច្ចជំនាញបរិស្ថាននិងមន្ត្រីរដ្ឋបាលស្រុកពេជ្រាដា។ មន្ត្រីរដ្ឋបាលស្រុកពេជ្រាដា សុំមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហានេះទេដោយចាត់ ទុកវាជាការងារជំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថាន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed