ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសចំនួន០៣បានលង់ទឹកទំនប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយ និងសមត្ថកិច្ចខណៈដែលជិះកង់ឌុបគ្នាទៅច្រូតស្មៅ ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកទំនប់មួយកន្លែងក្រោយភូមិ។
ករណីក្មេងលង់ទឹកបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៩នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទំនប់ទឹកស្ថិតក្នុងភូមិតាតូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្មេងៗជាជនរងគ្រោះចំនួន០៣នាក់មានឈ្មោះ÷ទី០១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ទី០២.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅភូមិឃុំកើតហេតុ និងទី០៣.ឈ្មោះ ឈឿង វាយុ ភេទប្រុសអាយុ១១ឆ្នាំ(ស្លាប់) ជាបងប្អូនជីដូនមួយ រស់នៅភូមិកើតហេតុខាងលើ។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងៗរងគ្រោះបាននាំគ្នាជិះកង់ចំនួន០១គ្រឿងឌុបគ្នាទៅច្រូតស្មៅស្រែក្រោមទំនប់កើតហេតុខាងលើ លុះដល់ម៉ោង៥និង៣០នាទីរសៀល ឈ្មោះ ឈិត សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុកសពក្មេង)បានចេញពីធ្វើការងាររោងចក្រមកដល់ផ្ទះពុំឃើញកូនៗក៏សង្ស័យបាននាំគ្នាដើររក លុះទៅដល់ចំណុចទំនប់ក៏បានឃើញកង់និងស្បែកលើខ្នងទំនប់ក៏បានចុះរាវក្នុងទឹក ក៏ប្រទះឃើញសពក្មេងប្រុសឈ្មោះ លី ផានុ(ជាកូនបង្កើត) រួចក៏បន្តរាវរកឃើញសពក្មេងប្រុសរងគ្រោះឈ្មោះ លី សុខហេង(កូនប្រុស) និង សពក្មេងឈ្មោះ ឈឿង វាយុ(ជាក្មួយ) ប៉ុន្តែជាអកុសលក្មេងៗទាំង០៣នាក់បានស្លាប់បាត់ទៅហើយ ។
នគរបានបន្ថែមទៀតថា ក្រោយពេលទទួលបានព័ត៌មានខាងលើ
កម្លាំងជំនាញពិនិត្យវិភាគកន្លែងក្រោយពេលធ្វើការពិនិត្យសពក្មេងប្រុស ជនរងគ្រោះរួច បានធ្វើការប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕