(ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមជំនួយការ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអណផយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តគិរីសាគរ (ហៅវត្តជីធាង) ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង (ទំហំ ១៥ម x ២៥ម)។
នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះ ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ រួមជាមួយនូវការប្រគេនចំណែកបុណ្យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីសារសំខាន់នៃការចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តអារាម ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សង្គមជាតិ ខណៈវត្តអារាម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងដំណើរការអភិវឌ្ឍជាតិ។
ជាការឆ្លើយតប ព្រះសង្ឃ ថ្នាក់ដឹក មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញកុសលរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕