(ខេត្តកំពង់ស្ពឺ) ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ គ្រោងនឹងធ្វើការរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងផ្សារមាត់ស្ទឹងស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈដែលសព្វថ្ងៃនេះកកស្ទះចរាចរណ៍រាល់ថ្ងៃដោយសារតែអ្នកវិនិយោគផ្សារយកផ្លូវសាធារណៈជុំវិញផ្សារធ្វើជាកន្លែងលក់ដូរ និងផ្ញើកង់ម៉ូតូ ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងច្បារមន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
រដ្ឋបាលក្រុងច្បារមន បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងទីប្រជុំជនខេត្តកំពង់ស្ពឺឱ្យកាន់តែប្រសើរឡើង រដ្ឋបាលខេត្តកំពង់ស្ពឺ ចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងស្ថាបនាកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងមួយចំនួន សម្រាប់ទុកជាប្រយោជន៍រួមសាធារណៈ។ ដើម្បីឱ្យការរៀបចំនេះមានប្រសិទ្ធិភាព រដ្ឋបាលក្រុងបានណែនាំដល់អាជីវករទាំងអស់ដែលបាននិងកំពុងប្រកបអាជីវកម្ម លក់ដូរ នៅផ្សារមាត់ស្ទឹង និងមិនត្រូវបានអនុញ្ញាតឱ្យបន្តការលក់ដូរទៀតឡើយ ដោយទីតាំងផ្សារមាត់ស្ទឹងត្រូវបានបញ្ចប់សុពលភាពភាស៊ីរួចហើយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយទីតាំងនេះជាដីសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវកែលម្អឡើងវិញ និងរៀបចំស្ថាបនាជាសួនច្បារ ដាំដើមត្នោតសងខាងស្ទឹងដែលជានិមិត្តរូបខេត្ត ព្រមទាំងផ្លូវថ្មើរជើងតាមបណ្តោយមាត់ស្ទឹង។
ទន្ទឹមនេះ អាជីវករដែលកំពុងលក់ដូរមិនមានសណ្តាប់ធ្នាប់ លក់ដូរលើដីចំណីផ្លូវ និងតាមសំយាបផ្ទះ នៅជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងសួនដើមលាភ និងជាពិសេសអ្នកយកចំណីផ្លូវសាធារណៈផ្ញើកង់ម៉ូតូ ដែលបានបង្កផលប៉ះពាល់ដល់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ និងមិនត្រូវបានអនុញ្ញាតឱ្យបន្តការលក់ដូរទៀតដែរ។ ដើម្បីសម្រួលដល់អាជីវករ រដ្ឋបាលក្រុងច្បារមនបានសហការរៀបចំនូវទីតាំងលក់ដូរមួយកន្លែងដោយមិនគិតថវិកាសម្រាប់ពីអាជីវករដែលមិនមានលទ្ធភាព មានទីតាំងស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះអាជ្ញាធរក៏បានដាក់ចេញឱសានវាទដល់ជាអាជីវករត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ សម្រាប់ការរើទៅទីតាំងថ្មី ក្នុងករណីមិនគោរពតាមការណែនាំ រដ្ឋបាលក្រុងនឹងអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។
ជុំវិញការរៀបចំនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្ត បានសម្តែងការសាទរយ៉ាងខ្លាំង ប៉ុន្តែក៏បានឡើងជាសំនួរផងដែរថា តើអាចទៅរួចដែរទេ ព្រោះកន្លងមកអាជ្ញាធរខេត្តកំពង់ស្ពឺក្នុងអាណត្តិអភិបាលខេត្តមុនក៏បានធ្វើការរៀបចំ និងរុញឱ្យទៅលក់នៅទីតាំងថ្មីដែរ តែការរើទៅទីតាំងថ្មីមិនបានប៉ុន្មានថ្ងៃ អាជីវករទាំងអស់ក៏វិលមកលក់កន្លែងដើមវិញ និងច្រើនជាងមុនរហូតដល់ផ្លាស់ប្តូរអភិបាលខេត្តថ្មីទើបមានចំណាត់ការម្តងទៀត។ ទឿយ៉ាងនេះក៏ដោយ ពលរដ្ឋរំពឹងថា ការរៀបចំថ្មីនេះនឹងមានប្រសិទ្ធិភាព និងតម្លាភាព មិនដូចលើកមុនទេ៕