(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។

ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ ក្នុងនោះ កម្ពុជាមានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ២០២២-២០២៧, កម្ពុជាមានវិធានការជាយុទ្ធសាស្ត្រដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនផលិតភាពការងារ ក៏ដូចជាការបន្តធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារ, ២. ការអភិវឌ្ឍការផលិតវត្ថុជាតុដើមក្នុងស្រុក, ៣. លើកកម្ពស់ការវិនិយោគលើឧស្សាហកម្មគាំទ្រ, និង ៤. ការធ្វើពិពិធកម្មទីផ្សារ។

បន្ថែមពីចំណុចខាងលើ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះបន្ថែមថា កម្ពុជាក៏បានធ្វើការយកចិត្តទុកដាក់ជាពិសេសលើអនុលោមភាពផ្នែកសង្គមនិងបរិស្ថានដែលជាការទាមទាររបស់ទីផ្សារអន្តរជាតិ។ រាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុងធ្វើការយ៉ាងសកម្មលើការធានាអោយបាននូវចីរភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសរហូតដល់ក្រោយការចាកចេញរបស់កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៩។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានកើនឡើង ២០.៤ ភាគរយដល់ ៤,៤ ពាន់លានដុល្លារ ពីចំនួន ៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្មបានបន្ថែមថា អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារ និង ៩១១ លានដុល្លាររៀងៗខ្លួន។ ការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានដូចជា វាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត៕ 

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed