(ភ្នំពេញ) ៖ នៅល្ងាចថ្ងៃទី៤ខែកុម្ភ: ឆ្នាំ២០២៥ នេះ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានបង្ហោះសំណេរដ៏វែងអន្លាយ ដើម្បីឆ្លើយតបនិងក្រុមប្រឆាំងជ្រុលនៅក្រៅប្រទេសមួយក្តាប់តូច ដែលស្រេក ឃ្លានអំណាច ។

ខាងក្រោមនេះគឺជាខ្លឹមសារនៃអត្ថបទដើមរបស់ លោក អភិសន្តិបណ្ឌិត ស សុខា ដោយបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមានអត្ថន័យយ៉ាងដូច្នេះថា ៖ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេក ឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅ ប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ» ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។

ក្នុងមួយជីវិតរបស់លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្ដេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ«របបប៉ុលពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែងឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សារបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយដែនផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ជាពិសេសជាងនេះ សម្ដេចបានដាក់ ចេញ«នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទំរាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹក ដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជ រដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជារួម កម្ពុជារីកចម្រើនមកដល់ពេលនេះ កើតចេញអគ្គមគ្គុទេសន៍របស់សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតជាប្រតិបត្តិករ។ ពោលគឺ សម្ដេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួប ផ្សះផ្សា អភិវឌ្ឍសង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះលោកទទួលទានទឹកមូត្រ«ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិនខុសពីជនរួមជាតិកម្ពុជាដ៏ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និងតម្កល់គុណូបការៈ សម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ «ឈ្នះ- ឈ្នះ»។ លោកជាអគ្គមគ្គុទេសន៍ស្ដារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិយើង និងជាអគ្គមគ្គុទេសន៍រក្សាស្ថិរភាពនិងកំណើនសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាពប្រជាជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិននឿយនឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជននិងជាតិត្រីមុខ។

ជាថ្មីម្ដងទៀត យើងទាំងអស់គ្នា ឈរក្នុងស្មារតីរឹងមាំជាកម្លាំងសាមគ្គីធ្លុងមួយ ពួនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំថ្ងៃ ដើមឈើដ៏ធំមួយដើមឈ្មោះ«សម្ដេចតេជោសែន»ដើម្បីបន្តផ្ដល់ម្លប់ពោធិ៍ដ៏ត្រជាក់ត្រជុំដល់យើង តាមទស្សនៈសម្ដេច«ពីដើមឈើមួយដើមទៅជាព្រៃ» ដែលសម្ដេចតែងតែប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានមកផ្ដុំគ្នា មិនឱ្យបែកខ្ញែកគ្នា តាមទស្សនៈថា«ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពីក្រុមជ្រុលនិយម«មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់សម្ដេចតេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់យើង!]។ សម្ដេចស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព! លោកស្រក់ញើសក្នុងសម័យសន្តិភាព ដើម្បីជីវភាពប្រជាជននិងសង្គម។ ដូចគ្នាដែរ យើងទាំងអស់គ្នា ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែងថែរក្សាការពារផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំមួយដើមឈ្មោះ«សម្ដេចធិបតី» តាមទស្សនៈ«រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។ យើងទាំងអស់គ្នា ជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្ដេចតេជោ សម្ដេចធិបតី! ខ្មែរសាមគ្គីខ្មែរឈ្នះ!

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed