ខេត្តកំពង់ស្ពឺ៖លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ជ័យជំនះគឺជារឿងសំខាន់សម្រាប់ទូកនីមួយៗនិងកីឡាករចំណុះ ប៉ុន្តែអ្វីដែលសំខាន់ជាងជ័យជំនះ នោះគឺសេចក្តីថ្លៃថ្នូរ និងការគោរពវិន័យនៅពេលប្រកួត។

មានប្រសាសន៍បែបនេះ គ្រាដែលលោកអភិបាលខេត្តជួបសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូក និងក្រុងពាលីសុំសេចក្តីសុខ ក្នុងពិធីប្រកួត កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនសម្តេចសង្ឃរាជ ជួន ណាត ប្របមាត់ស្ទឹងព្រែកត្នោត។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ពិធីប្រកួតបានចូលមកដល់នៅរសៀលនេះហើយ ដូច្នេះកីឡាករចំណុះទូកសុទ្ធតែបានប្តេជ្ញានិងហ្វឹកហាត់រួចហើយ ដើម្បីដណ្តើមយកជ័យជំនះជូនទូកនិងអង្គភាពរៀងៗខ្លួន។

តែទន្ទឹមនិងការប្តេជ្ញានេះ កីឡាករទាំងអស់ក៏ត្រូវតែគោរពវិន័យ ធ្វើយ៉ាងណារក្សាអោយបាននូវសេចក្ដីថ្លៃថ្នូរ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងមិនត្រូវបង្កភាពអនាធិបតេយ្យណាមួយ ដែលឈានដល់ការប្រើអំពើហឹង្សានោះឡើយ។

លោកអភិបាលខេត្តកំពង់ស្ពឺបន្ថែមថា កីឡាករចំណុះទូកទាំងអស់ត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក និងថែរក្សាសុខភាពឱ្យបានខ្ជាប់ខ្ជួន កុំដើរលេងផឹកស៊ីនាំឱ្យសុខភាពទ្រុឌទ្រោម ធ្វើឱ្យការប្រកួតមិនអាចទទួលបានលទ្ធផលល្អ ឬមិនអាចឈ្នះគូប្រកួត។

ជាមួយនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់គណកម្មការរៀបចំការប្រណាំងទូកផងដែរ ត្រូវប្រើសុភវិនិច្ឆ័យឱ្យបានត្រឹមត្រូវក្នុងការដាក់ពិន្ទុចាញ់ឈ្នះទៅលើទូក និយាយជារួម គឺឈ្នះដោយកិត្តិយស ចាញ់ឱ្យអស់ចិត្ត មិនត្រូវវិនិច្ឆ័យទៅតាមការស្អប់ ស្រឡាញ់ និងបក្សពួកនោះឡើយ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការរៀបចំព្រះរាជពិធី អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីនេះមានទូកចូលរួមប្រមាណ៧៤ទូក ក្នុងនោះ ទូកអន្តរជាតិចំណុះ២២នាក់ បុរសចំនួន៧ទូក ទូកផ្កាចារចំណុះ១២នាក់ បុរសចំនួន១២ទូកនិងទូកនារីចំនួន២ទូក ទូកផ្កាចារចំណុះ៨នាក់ បុរសចំនួន៣៣ទូក ទូកត្នោតបុរសចំណុះ១នាក់ចំនួន៦ទូក ទូកខ្ទះចំណុះ១នាក់បុរសចំនួន១០ទូក នារីចំនួន៤ទូក៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *