ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងផ្តល់ជូននូវក្តាខៀនជិត៤០០ ក្រោមប្រធានបទ”ក្តាខៀនជាគ្រាប់ពូជនៃសុបិន្ត” ដែលពិធីនេះធ្វើឡើង នៅក្នុងវិទ្យាល័យទ័ពមានជ័យ ស្ថិតនៅក្នុងភូមិត្រពាំងលើ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលពីឯកឧត្តមបណ្ឌិត សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល លោកស្រី យូ ការ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ដែលជាគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុកគងពិសី  លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សប្រមាណជាង២,២៥៧នាក់ផងដែរ។

ថ្លែងទៅកាន់អង្គពិធី លោក យក់ ប៊ុនណា មានប្រសាសន៍ថា ពាក្យថាគ្រាប់ពូជនៃសុបិន្តមានន័យខ្លាំងណាស់ ប្រសិនបើក្មួយៗមានក្តីសុបិន្តនៅពេលអនាគត ក្មួយៗត្រូវតែខិតខំប្រឹងសិក្សារៀនសូត្រឱ្យបានគ្រប់មុខវិជ្ជា ពីព្រោះថាចំណេះវិជ្ជាគឺជាស្ពានសម្រាប់ចម្លងក្មួយៗទៅថ្ងៃអនាគតដ៏វែងឆ្ងាយរបស់ក្មួយៗ ក្តីសុបិន្តរបស់ក្មួយៗ ក៏ជាក្តីសង្ឃឹមរបស់សាលាភូមិន្ទរដ្ឋបាលយើងដែរ។ មិនថាក្មួយៗមានក្តីសុបិន្តចង់ក្លាយទៅជាគ្រូបង្រៀន លោកពេទ្យ វិស្វ័ក មន្ត្រីនគរបាល។ល។ បើចង់ឱ្យក្តីសុបិន្តនោះក្លាយទៅជាការពិតក្មួយៗត្រូវតែខិតខំព្យាយាមធ្វើវាបន្តិចម្តងៗនោះវានិងក្លាយទៅជាការពិតហើយ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការបន្តថា សាលាភូមិន្ទរដ្ឋបាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈដែលមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាលា ហើយសាលាមានបេសកម្មបណ្តុះបណ្តាលធនធានមនុស្សជួយដល់វិស័យសាធារណៈ ជាអ្នកបម្រើប្រជាពលរដ្ឋនៅតាមក្រសួងស្ថាប័ន នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ចឹងក្តីស្រមៃរបស់សាលាភូមិន្ទរដ្ឋបាលចង់ឃើញធនធានមនុស្សរបស់កម្ពុជាមានកាន់តែប្រសើរនេះហើយជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងការអភិវឌ្ឍន៍ធនធានមនុស្សហើយគិតទៅដល់បតេយ្យសិក្សា បឋមសិក្សា ទៅដល់អនុវិទ្យាល័យ វិទ្យាល័យ ហើយគិតទៅដល់បណ្តុះបណ្តាលវិទ្យាវិជ្ជជីវៈ។ បញ្ហាព្រឈម នៅពេលសិក្សាពីថ្នាក់ក្រោមរបស់ដល់បញ្ចប់ការសិក្សា អ្នកណាក៏ធ្លាប់ជួបប្រទះដែរ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងជំនះវាឱ្យបាន ទើបអនាគតរបស់យើងបានល្អប្រសើរឡើង ទើបសម្រេចបាននូវក្តីស្រមៃរបស់យើងទាំងអស់គ្នា ហើយកុំស្រមៃដែលមិនមានផែនការច្បាស់លាស់ ត្រូវស្រមៃជាមួយផែនការ ជាមួយនិងការប្រឹងប្រែង ចំពោះក្តីស្រមៃរបស់ប្អូនៗ ក្មួយៗ ក៏ជាក្តីស្រមៃរបស់លោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២របស់យើងដែរ ទើបថ្មីៗនេះបានបង្កើតឡើងនូវទិវាគ្រូបង្រៀន បានកំណត់យកថ្ងៃទី៥ ខែតុលា ។

លោកយក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈបានបន្តទៀតថា គម្រោងឆ្នាំនេះមានការបង្កើតកម្មវិធីមួយថ្មី គឺកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅកាន់ឆ្នាំ២០៥០។ ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្លឹងទៅឆ្នាំ២០៥០ គឺត្រូវតែមានមូលធនមនុស្ស និងមានការគាំទ្រនៃការអភិវឌ្ឍន៍ប្រទេសជាតិ មូលធនមនុស្សកើតចេញពីណា? មូលធនមនុស្សគឺកើតចេញពីប្អូនៗ ក្មួយៗទាំងអស់គ្នានេះហើយ លោកគ្រូ អ្នកគ្រូ គឺជាអ្នករៀបចំថ្នាល ចាក់ជី ជួយជ្រោមជ្រែងធ្វើយ៉ាងណាឱ្យយើងក្លាយទៅជាមនុស្សដែលមានគុណភាព ទើបយើងអាចក្លាយទៅជាប្រទេសរីកចម្រើនឆ្នាំ២០៥០។  ហើយបច្ចុប្បន្ននេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោកខិតខំប្រឹងប្រែងខ្លាំងណាស់ និងយកចិត្តទុកដាក់ដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតលទ្ធភាព នៅពេលសិក្សា តែងតែជួយរកលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនបំប៉នបន្ថែមដោយមិនគិតថ្លៃឡើយ ហើយពេលប្រឡងឯកឧត្តមតែងតែជួយរកកន្លែងស្នាក់នៅដើម្បីជួលសម្រួលទុក្ខលំបាករបស់ប្អូនៗ ក្មួយៗដែលមានពីទីឆ្ងាយៗ។ នេះហើយជាទឹកចិត្តរបស់ថ្នាក់ដឹកនាំដ៏ល្អចំពោះប្អូនៗ ក្មួយៗជាយុវជនបន្តវេន ដើម្បីប្រទេសជាតិមានការរីកចម្រើននិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះផ្តោតទៅលើគោលការណ៍ មាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកទេសឌីជីថល។ មានន័យថាមនុស្សមានចំណេះដឹង មានហេដ្ឋរចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ទើបធ្វើឱ្យប្រទេសមានការរីកចម្រើនគ្រប់វិស័យនិងមានការអភិវឌ្ឍន៍ជឿនលឿនផងដែរ។

សូមបញ្ជាក់ថា ការផ្តល់ជូនក្តាខៀនដល់តាមសាលារៀន នៅក្នុងស្រុកគងពិសីទាំងមូលសរុបចំនួន៣៩៧ក្តាខៀនក្រោមប្រធានបទ”ក្តាខៀនជាគ្រាប់ពូជនៃសុបិន្ត”នេះ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិអាហារូបករណ៍LOTTEនៅប្រទេសកូរ៉េ និងការរៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាបយថ្ងៃអនាគតផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *