ខេត្តពោធិ៍សាត់ ៖ ពិតជាសង្វេគ និងសាហាវព្រៃផ្សៃខ្លាំងណាស់ ករណីរំលោភសេពសន្ថវៈរួចសម្លាប់បំបិទមាត់ក្មេងស្រីជំទង់ក្នុងចម្ការស្វាយចន្ទី នៅគ្រាដែលក្មេងស្រីជំទង់រងគ្រោះទៅឃ្វាលគោ ក្នុងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៅសួរនាំផងដែរ។ នេះបើតាមការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចដែលសហការចុះពិនិត្យ ស្រាវជ្រាវសេុីបអង្កេតផ្ទាល់ តាំងពីព្រលឹមរហូតដល់រសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា យោងតាមចម្លើយរបស់ឈ្មោះ ផេម ផាន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវជាឪពុក នារីរងគ្រោះឈ្មោះ ភឿង ស្រីលក្ខណ៍ អាយុ ១៦ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៩D វិទ្យាល័យអន្លងត្នោតបានប្រាប់ថា កាលពីថ្ងៃម្សិលមិញ ថ្ងៃអាទិត្យកូនស្រី(ភឿង ស្រីលក្ខណ៍)បានដេញគោទៅឃ្វាលនៅចំណុចត្រពាំងសម្រែ(កើតហេតុ)ក្នុងចម្ការស្វាយចន្ទីចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដូចសព្វមួយដង រហូតដល់ល្ងាចមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបឆោឡោនាំគ្នាចេញទៅរករហូតដល់យប់។ លុះនៅវេលាម៉ោង០០និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញានេះបានឃើញកូនស្រីស្លាប់ទៅហើយ គឺបានត្រឹមនាំគ្នាទ្រហោយំប៉ុណ្ណោះ ។
ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា យោងតាមចម្លើយឪពុក និងពិនិត្យ ស្រាវជ្រាវយ៉ាងលម្អិត សពក្មេងស្រីជំទង់(ភឿង ស្រីលក្ខណ៍)មានស្នាមរបួសជាំកផ្នែកខាងឆ្វេង និងខាងស្ដាំ ប្រដាប់ភេទមានដាច់រលាត់និងមានទឹកកាម ដូច្នេះអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយអំពើរំលោភសម្លាប់ក្នុងចន្លោះម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេប យ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅរោងបណ្ដោះអាសន្នមើលសត្វពាហនៈ(ក្របី)ក្បែរកន្លែងកើតហេតុ ដែលមានមានទីលំនៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនសង្ស័យ(សេប យ៉ា)កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។
ពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំខាងលើ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់តាមប្រព័ន្ធបច្ចេកវិទ្យា(តេឡេក្រាម)នារសៀលថ្ងៃដដែលនេះថា ជនសង្ស័យដែលយកមកសួរនាំនោះ ពុំទាន់មានអ្វីដាក់បន្ទុកនៅឡើយទេ ប៉ុន្តែអាចពាក់ព័ន្ធសារធាតុញៀន ៕
ដោយៈ ពស