(ខេត្តឧត្តរមានជ័យ)៖លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខា ធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យ និងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមន្ទីរគណបក្សខេត្តឧត្តរមានជ័យ។ អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ និងក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ១៥០ នាក់។
ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ប្រធានគណៈកម្មាធិការបក្សខេត្ត និងការប្តេជ្ញាចិត្តរបស់ប្រធានគណៈមហាជនខេត្តលោកហ៊ុន ម៉ានី បានថ្លែងអំណរ គុណដល់គណៈកម្មាធិការបក្ស និងគណៈចលនា មហាជនខេត្តឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្តបំពេញភារកិច្ចការងារជូនគណបក្ស ដែលបាននាំមកនូវជ័យជំនះជូនគណបក្សនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ លោកបានគូស បញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បានផ្តល់ឱកាសឱ្យ រាជរដ្ឋាភិបាលអាណាត្តិទី ៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេស។
ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលអាណាត្តិទី ៧សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ។ លោកសង្កត់ធ្ងន់ថា បេសកកម្មគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ និងលើកស្ទួយជីវភាពប្រជាជន ពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្ត បន្ទាប់៕