ខេត្តកំពង់ស្ពឺ៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាខាសាលាវ៉េស្ទ ឡាញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អមដំណើរដោយលោក ពេជ្រ ប៉ូឡែន អគ្គនាយកវ៉េស្ទឡាញ អែតធ្យូខេសិន ក្រូប (Education) ទីប្រឹក្សាក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ឡេង សុខគា ទីប្រឹក្សាភិបាលសាខាសាលាវេសឡាញ ក្រុងច្បារមន និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី តំណាងប្រធានមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងអាណាព្យាបាល និងសិស្សានុសិស្ស យ៉ាងច្រើនកុះ។
លោក ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថាន អប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Education) ទីប្រឹក្សាក្រសួងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានអានរបាយការណ៍សង្ខេប ពីប្រវត្តិលើវិស័យអប់រំរបស់សាលាវេសឡាញមកដល់ពេល នេះ សាខាខេត្តកំពង់ស្ពឺ មានកូនសិស្សមកចុះឈ្មោះបានប្រមាណជា៧០នាក់ សាខាមានបុគ្គលិកចំណុះ ២២ នាក់ មានបន្ទប់គាំទ្រចំនួន១១ និងបន្ទប់សិក្សាមានចំនួន១១ ក្នុងនោះសាខាមានសិស្សចូលរៀន សរុបប្រមាណជាង១ម៉ឺននាក់ សាលាបានផ្ដល់ការងារដល់លោកគ្រូអ្នកគ្រូប្រមាណជាង ១ពាន់ នាក់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ផ្តាំផ្ញើ ដោយបានបញ្ជាក់ថា÷ វិស័យអប់រំនាពេលបច្ចុប្បន្ននេះ មានការរីកច្រើនយ៉ាងឆាប់រហ័ស ហើយគ្រឹះស្ថានសិក្សា គឺជាការលើកកម្ពស់អក្សរសាស្ត្រ ទាំងភាសាបរទេស និងភាសាខ្មែរលោកលើកឡើងដូច្នេះនៅពេលដែលឯកឧត្តមបានអញ្ជើញជាតិអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាតិផ្លូវការ នូវសាលារៀនវ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របគ្នាជាមួយការប្រារព្ធទិវាអក្ខរកម្មជាតិថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីសិក្សាធិការពិតជាបានលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយយើងជាប្រជាពលរដ្ឋត្រូវតែបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន។ ជាក់ស្ដែងខេត្តកំពង់ស្ពឺ ជាខេត្ត ប្រទាញប្រទង់គ្នាដោយចុងអាវុធ និងបានអូសបន្លាយសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។ ក្រោមដំបូលសុខសន្តិភាព ខេត្តនេះបានបើកពង្រីកគ្រឹះស្ថានអប់រំ ជាបន្តបន្ទាប់ ព្រមទាំងបានការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្ម និងមាននិរន្តរភាព។
ទន្ទឹមនោះអភិបាលខេត្តកំពង់ស្ពឺក៏បានរំពឹងទុកថា គ្រឹះស្ថានសិក្សានេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងកាន់តែទូលំទូលាយ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនេះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារលើកកម្ពស់អក្ខរកម្មគឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉នប្រចាំថ្ងៃនូវជំនាញនិងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន៕