ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី មហោស្រពទម្រង់សម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ សុទ្ធី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិល្បករ សិល្បការិនី សិស្សានុសិស្ស និងម្ចាស់សំអាងការ ជាច្រើននាក់ ពិធីនេះប្រារព្ធធ្វើនៅ សាលមហោស្រព បណ្តាល័យកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានធ្វើររបាយការណ៍ស្វាគមន៍និងបញ្ជាក់ថាសម្លៀកបំពាក់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងគឺមានរចនាបថ ជាច្រើនទម្រង់ ដោយឡែកថ្ងៃនេះបានរំលេចចំនួន៧ទំរង÷ មានដូចជាទី១-សម្លៀកបំពាក់ក្នុងពិធីសូត្រមន្ត ទី២-សម្លៀកបំពាក់ក្នុងពិធីជាវខាន់ស្លា ទី៣-សម្លៀកបំពាក់ក្នុងពិធីបុកល័ក្ខ ទី៤-សម្លៀកបំពាក់ក្នុងពិធីហែលជំនូន ទី៥-សម្លៀកបំពាក់ក្នុងពិធីកាត់សក់ ទី៦-សម្លៀកបំពាក់ក្នុងពិធីសំពះផ្ទឹម និងទី៧-សម្លៀកបំពាក់ក្នុងពិធីទទួលភ្ញៀវផងដែរ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី សិស្សានុសិស្ស ព្រមទាំងម្ចាស់សម្អាងការទាំងអស់ ដែលបានចូលរួមគាំទ្រទាំង ស្មារតីនិងសម្ភារៈ ក្នុងការបង្កើតមហោស្រពនេះឡើង ប្រកបដោយភាពរលូន និងអធិកអធម។

លោក អភិបាលរងខេត្តកំពង់ស្ពឺបានបន្តថា ចំពោះការរៀបចំមហោស្រពនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការអនុវត្តនូវ គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាងនេះទៅ ទៀត ក៏ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ លើវិស័យវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ធ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយចក្ខុវិស័យ ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

លោក សុខ សុទ្ធី បានបញ្ជាក់ថា ការរៀបចំមហោស្រពទម្រង់សម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ឆ្នាំ២០២៤ គឺក្នុងគោល បំណងជំរុញឱ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដើម្បី៖ បង្កើនការស្រឡាញ់ និងការបំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូច ជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ លើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃសម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ ខ្មែរ និងការចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែសកម្មថែមទៀត។
បង្កើនការចូលរួមក្នុងការបណ្តុះការអប់រំ ការសិក្សាស្រាវជ្រាវ ឈ្វេងយល់អំពីចំណេះដឹងសិល្បៈវប្បធម៌ជាតិ ដើម្បីឱ្យយុវជនរបស់ខ្លួន បានយល់ពីឧត្តមប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញ និងចងក្រងរក្សាទុកឱ្យបានគង់វង្សល្អ នូវរាល់ឯកសារដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដើម្បីបំផុសស្មារតីយុវជន ដែលជាអ្នកបន្តវេន ក្នុងការចូលរួមបង្កើតស្នាដៃថ្មីៗ ដែលមាន   គុណភាព រក្សាឱ្យបាននូវមូលដ្ឋានក្បួនខ្នាត និងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌របស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងន័យដើម្បីបង្កើនការងារ និងកាលានុវត្តភាព សំដៅកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមានពីចរន្តសកល   ភាវូបនីយកម្ម។ ការរៀបចំមហោស្រពនេះឡើង គឺដើម្បីបំផុសចលនាមហាជនឱ្យចូលរួមគាំទ្រ និងលើកទឹកចិត្តក្នុងការរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃសិល្ប:វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ក្នុងការប្រើប្រាស់ទម្រង់សម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរឱ្យកាន់តែមានភាពប្រសើរឡើង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed