ភ្នំពេញ ៖ មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នង ការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រុសស្រីចំនួន៦ នាក់ សុទ្ធតែជាជនជាតិខ្មែរ ដែលជាអ្នកទទួលបញ្ញើគ្រឿងញៀនទម្ងន់ប្រមាណ៤០០ គីឡូក្រាម ពីមេក្លោងជនជាតិចិន និងភូមា ខណៈបម្រុងនាំចេញទៅប្រទេសទី៣ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ថ្លែងឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្គ្រឿងញៀករណីនេះ ធ្វើឡើងដោយកម្លាំងការិយាល័យ ក៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសហការជាមួយស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងដែរ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំង៦នាក់ មានស្រី២ នាក់ប្រុស៤ នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ តាមដានដោយប្រើរយៈពេលជាង ៤ខែ ទើបឈានដល់ការចាប់ខ្លួន អ្នកទទួល និងរក្សាទុកគ្រឿង ញៀន ប្រមាណ៤០០ គីឡូក្រាមនេះ ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញចំនួន៣ គោលដៅ រួមមាន ៖
គោលដៅទី១-នៅខណ្ឌពោធិ៍សែនជ័យ, គោលដៅទី២-នៅខណ្ឌទួលគោក, និងគោលដៅទី៣-ចុងក្រោយនៅខណ្ឌពោធិសែនជ័យ ។
គ្រឿងញៀនទាំងអស់នេះ ត្រូវបានរៀបចំចាត់ចែងបម្រុងនាំឆ្លងដែនទៅប្រទេសទី៣ ដោយពួកគេយកប្រទេសកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ ។ ហើយជនសង្ស័យទាំង៦ នាក់នេះ ជាក្រុមសេនានិយោរបស់ក្រុមឧក្រិដ្ឋជន ដែលមានការទំនាក់ទំនងនៅក្រៅប្រទេស ។
លោកឃឹង សារ៉ាត់ នាយកមន្ទីរ បានបន្តទៀតថា ក្នុងរយៈពេលក្រោយមកនេះ នគរបាលកម្ពុជា តែងបានបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗ ជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងដកហូតថ្នាំញៀនរាប់ពាន់គីឡូក្រាម ហើយតែងតែបានរៀបចំពិធីដុតបំផ្លាញ និងកម្ទេចចោលគ្រឿងញៀនជារៀងរាល់ឆ្នាំផងដែរ ។
ជាក់ស្តែងកាលពីពេលថ្មីៗ កាលពីពាក់កណ្តាលឆ្នាំ២០២៤ កន្លងមកនេះ សមត្ថកិច្ចទើបធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង ៤តោន ក្រោយពេលមានសាលក្រមផ្តន្ទាទោសក្រុមឧក្រិដ្ឋជនរបស់តុលាការ ។ បន្ថែមពីនេះទៀតបញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ ។
លោកឧត្តមសេនីឯក ឃឹង សារ៉ាត់ បញ្ជាក់ថា ៖ គ្រឿងញៀននេះមាន៣ ប្រភេទ មានមេតំហ្វេតាមីន កេតតាមីន និងប្រភេទ ហេរ៉ូអ៊ីន ហើយប្រភេទហេរ៉ូអ៊ីននេះសម្រាប់នាំចេញទៅប្រទេសទី៣ និងសម្រាប់តែអ្នកមាន អ្នកមានប្រើ ៣ដុំ គីឡូស្មើមួយគីឡូក្រាម អានេះថ្លៃណាស់ គ្រឿងញៀនទាំងអស់មានតែហេរ៉ូអ៊ីនថ្លៃជាងគេ បើសិនទៅដល់ប្រទេសទី៣ អាច១គីឡូក្រាម ៧០ទៅ៨០ ម៉ឺនដុល្លារអាមេរិកឯណោះ ។
ក្រោយពីបង្ហាញមុខក្រុមឧក្រិដ្ឋនជន៦នាក់ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។ សមត្តកិច្ចបាន និងកំពុងស្វែងរកចាប់ខ្លួនមេក្លោង ដែលជាជនជាតិបរទេសនោះបន្តទៀត ៕