ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ដូរ ១ខ្នង អស់ ទាំងស្រុង បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១ គ្រឿង តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ខេហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩:២០ នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនកើត ហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំយីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរក៏មានឭសម្លេងផ្ទុះជាច្រើន។ ភ្លាមៗ ក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រជាពលរដ្ឋពិបាកជួយពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យជួយអន្តរាគមន៍។
អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ១ខ្នងទាំងស្រុង រថយន្តឡិចស៊ី ២០០T មួយគ្រឿង, ម៉ូតូមិនស្គាល់ម៉ាក ១គ្រឿង រួមនឹងសម្ភារលក់ដូរមួយចំនួន តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះឡើយ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យនេះ ប្រើប្រាស់ទឹកអស់ចំនួន ៤៥រថយន្ត បាញ់ទឹករហូតរលត់ជាស្ថាពរ។
ចំពោះមូលហេតុ ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕