(កំពង់ស្ពឺ) ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫននៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការគាំទ្រទាំងស្មារតី និងពិសេសកម្រឹតបច្ចេកទេសព្យាបាល ដល់គ្រប់មន្ត្រីសុខាភិបាល ដែលការរៀនសូត្រគឺជាចំណែកមិនអាចខ្វះ ឫខកខានបានឡើយ មិនត្រឹមតែកម្រឹតបច្ចេកទេស រួមទាំងភាពជាអ្នកដឹកនាំផ្តើមពីខ្លួនម្នាក់ៗឡើងទៅ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *