ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖

១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥។

២- ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជា លក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។

៣- ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃទី២៩ ខែសីហា, ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

នៅ ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០៤ដុល្លារក្នុង១ខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាម៉េរិកក្នុង១ខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed