(កំពង់ស្ពឺ) ៖ថ្លែងទៅកាន់កងកម្លាំងទាំង៣ ប្រភេទជាង៦០០នាក់នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា កុំថាឡើយសន្តិភាព សូម្បីតែសុវត្តិភាពរបស់ប្រជាជនរបស់ខ្លួនក្នុងក្របខ័ណប្រទេសរកមិនទាន់បានផងនៅបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក និយាយដោយឡែកនៅកម្ពុជាជាង៥០០ឆ្នាំកន្លងមកក៏ទើបតែទទួលបានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលរកបានដោយពិបាក និងបានប្តូរដោយញើសឈាមដើម្បីទទួលបានពាក្យថា”សន្តិភាព” ដូច្នេះយើងជាកងកម្លាំងត្រូវរួមគ្នាថែរក្សាឲ្យបានគងវង្សនូវពាក្យថា(អរគុណសន្តិភាព) ។
លោកបណ្ឌិត ជាម ច័ន្ទភ័ណ ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានប្រសាសន៍បន្ថែមទៀត ថាយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងបញ្ហាការអភិវឌ្ឍតំបន់ត្រីកោណ CLV កម្ពុជារបស់យើងបានដាក់ខេត្ត៤មាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែងនិងក្រចេះ ដែលបានកើតឡើងតាំងពី២៥ឆ្នាំកន្លងមកហើយ បងប្អូនជ្រាបហើយថាកន្លងមកនេះបែរជាមានបុគ្គលមួយចំនួនតូចញុះញង់បំភ័ណបំភ្លៃការពិតពីបញ្ហាCLV ថាទៅរាជរដ្ឋាភិបាលកាត់ទឹកដីឲ្យបរទេសទៅវិញ ដូច្នេះទេក្នុងនាមយើងជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងនាមលោកជាប្រធានគណៈកម្មការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ យើងត្រូវតែមានវិធានការចំពោះបុគ្គលណាដែលមានគំនិតបំផ្លើសបំភ្លៃព័ត៌មាន ឬក៏ក្រុមណាដែលចង់បំផ្លាញភាពសុខសន្តិភាពនេះនៅក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ របស់យើងត្រូវតែបង្ក្រាបជាដាច់ខាត។
លោកបណ្ឌិតបានបន្តថា យើងដឹងអស់ហើយ ថា ការរកសន្តិភាពជូនដល់ប្រទេសជាតិមានការលំបាកខ្លាំងណាស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត សម្តេចបានបូជាសាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុនរហូតមកដល់ពេលនេះ ទើបយើងមានឯករាជ្យ បូរណភាពទឹកដីពេញលេញ ក្នុង ព្រះរាជាណាចក្រកម្ពុជា របស់យើង សម្រាប់២៥រាជធានី-ខេត្ត នៅក្នុងប្រវត្តិសាស្ត្រប្រមាណជាង៥០០ឆ្នាំ កន្លងមកនេះ ។
លោកបណ្ឌិតបានបញ្ជាក់ថា ប៉ុន្តែថ្មីៗនេះជនអគតិមួយចំនួនតូច គេចង់បំបែកបំបាក់ប្រជាជន ដោយចង់គំរូតាមគំរូប្រទេសបង់ក្លាដែស មានការចង់ប្រមូលផ្តុំធ្វើបាតុកម្ម បង្ករអសន្តិសុខក្នុងប្រទេស ចំណុចនេះស្នើឲ្យកងកម្លាំងរបស់យើង ត្រូវតែពង្រឹងស្មារតី ហើយគ្រប់ភាគីទាំងអស់ត្រៀមលក្ខណៈជាស្រេច ដើម្បីបង្ក្រាបចំពោះក្រុមណាដែលមានបំណងអាក្រក់ញុះញង់ធ្វើឲ្យបាត់បង់សន្តិភាពនេះឲ្យខានតែបានដាច់ខាត កិច្ចការងារចំពោះមុខ កងកម្លាំងត្រូវរក្សាឲ្យបានសណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនទៅដល់បងប្អូនជាពលរដ្ឋរបស់យើង៕