(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក (Center for Global Impact) បានបន្តចុះអនុស្សរណៈយោគយល់គ្នា លើកទី៣ ស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីនោះ លោក រដ្ឋន្ត្រីក្រសួងការងារ បានកោតសរសើរដល់អង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដែលកន្លងមកបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប ដល់ស្ត្រីរងគ្រោះនៅកម្ពុជា ។

លោកលើឡើងថា ទោះបីជាចំនួនដែលទទួលបានការបណ្តុះបណ្តាលកន្លងមកមានតិច ប៉ុន្តែបើគ្មានអង្គការនេះទេ បងប្អូនស្ត្រីជាង៤០០នាក់ដែលអង្គការបានជួយនោះប្រហែលជាអាចខ្វះទីពឹង និងមិនអាចជួយខ្លួនឯងបាននោះឡើយ។ តាមរយៈអង្គការ សិក្ខាកាម ចូលរៀនទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ និងមានជំនាញ១ ច្បាស់លាស់ និងមានប្រាក់ចំណូលសមរម្យ ។

លោកហេង សួរ សង្ឃឹមថា ការចុះអនុស្ស រណៈ ជាលើកទី៣នេះ នឹងផ្តល់ការលើកទឹក ចិត្តដល់អង្គការក្នុងការបន្តគោលដៅរបស់ខ្លួន និងអាចស្វែងរកនូវថវិកាពីដៃគូផ្សេងទៀតដើម្បីបន្តគាំទ្រ ដល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន ។

លោកស្រីឈន ស៊ីនួន អគ្គនាយិកាអង្គការខាងលើបញ្ជាក់ថា បច្ចុប្បន្នអង្គការកំពុងតែបន្តអនុវត្តគម្រោងបណ្តុះបណ្តាលនៅរាជធានី ខេត្តចំនួន៣ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដើម្បីផ្តល់ក្តីស្រលាញ់ សិទ្ធិអំណាចដល់ជនក្រីក្រ ជនងាយរងគ្រោះ និងជួយឱ្យស្ថានភាពរបស់សិក្ខាកាមមានភាពល្អប្រសើរ ជាពិសេសពេលបញ្ចប់ការសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ ទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានចំណេះដឹងប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកបការងារ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed