(កំពង់ស្ពឺ) ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញឱ្យមន្ទីរ ឯកភាពជំនាញនិងអាជ្ញាធរពាក់ពន្ធ័ត្រូវធ្វើការជួសជុល ថែទាំជាប្រចាំនូវផ្លូវដែលរងការខូចខាតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសគឺការដឹកជញ្ជូនផល អនុផលទៅកាន់ទីផ្សារក្រោយប្រមូលផលរួច។ ការលើកឡើងនេះគ្រាដែលលោកដឹកនាំប្រតិភូខេត្តនិងមន្ទីរជំនាញពាក់ពន្ធ័ អាជ្ញាធរចុះពិនិត្យការជួសជុលសម្រួលចរាចរណ៍កំណាត់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិលេខ៣ចំនុចផ្សារប៉ាង្កសី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយរងការខូចខាតធ្ងន់ធ្ងរដោយរថយន្តដឹកដី ថ្ម ខ្សាច់។
នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញនូវកំណាត់ផ្លូវមួយខ្សែនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ផ្លូវគឺមានសារៈសំខាន់បំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាននិងឆ្លងកាត់ ពិសេសគឺជាតំណរនៃការផ្សារភ្ជាប់គ្នារវាងសេដ្ឋកិច្ចពលរដ្ឋនិងពលរដ្ឋពីមូលដ្ឋានទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត នោះដង្ហើមសេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា តាមរយៈការនាំដឹកនាំផលិតផលដែលធ្វើបានយកមកកាន់ទីផ្សារ និងតាមរយៈទេសចរផងដែរ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានកំណត់យកផ្លូវជាអាទិភាពគន្លឹះក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការកសាងផ្លូវពីទីប្រជុំជនទៅគ្រប់ទីជនបទ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដឹកនូវផល អនុផល ដែលពួកគាត់ធ្វើបានយកមកទីផ្សារ ពិសេសកសិផលតែម្តង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺក៏បានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលឱ្យបានទៀងទាត់នូវផ្លូវតូចធំ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងផ្លូវនៅក្នុងឃុំទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ហើយត្រូវប្រាកដថាផ្លូវទាំងអស់នោះ ជាផ្លូវដែលធ្វើដំណើរបានយ៉ាងងាយស្រួល សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រ សហគ្រាស និងប្រជាកសិករបានដឹកជញ្ជូនផលិតផលកសិកម្ម ពីតំបន់មួយទៅតំបន់មួយ ពីស្រុកមួយ ទៅស្រុកមួយ ពីខេត្តមួយ ទៅខេតមួយទៀតបានយ៉ាងងាយស្រួល ហើយត្រូវឆ្លើយតបឱ្យទាន់ពេលវេលាក្នុងករណីផ្លូវរងការខូចខាត។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនិងអាជ្ញាធរ ត្រូវសហការឱ្យបានល្អជាមួយក្រុមហ៊ុនទាំងអស់ដែលអាស្រ័យផលលើផ្លូវក្នុងមូលដ្ឋាន ត្រូវសហការគ្នាជួសជុលឱ្យទាន់ពេលវេលានៅពេលផ្លូវរងការខូចខាតដោយមិនត្រូវទុកឱ្យផ្លូវខូចធ្ងន់ធ្ងរនោះឡើយ ធ្វើយ៉ាងណាឱ្យផ្លូវក្នុងមូលដ្ឋានទាំងអស់ ត្រូវតែមានលក្ខណៈល្អប្រសើរឡើង។ ហើយជាងនេះមន្ទីរដែលមានភារៈជួសជុល ថែទាំនិងស្ថាបនាផ្លូវ ត្រូវរៀបចំផែនការស្នើកញ្ចប់ថវិកាថ្នាក់ជាតិមកជួសជុល ឬធ្វើផ្លូវ ក្នុងខេត្តកំពង់ស្ពឺអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបរបរចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃឱ្យកាន់តែប្រសើរហើយអាជ្ញាធរភូមិ-ឃុំ ស្រុក ខេត្ត ត្រូវចូលរួមទាំងអស់គ្នាក្នុងការថែទាំផ្លូវដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែងផងដែរ ៕