(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) កំពុងដំណើរការទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយការសហការការងារពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់សុទ្ធតែបានបង្ហាញពីការទទួលខុសត្រូវលើការងារ។
អ្វីដែលជាការសង្កេតលើសពីតួនាទី និងភារកិច្ច ក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលគ្រប់លទ្ធភាពទាំងអស់ ជូនទៅដល់បេក្ខជន និងអាណាព្យាបាល ដើម្បីធានាឱ្យបាននូវការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានាពេលនេះ ប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក មានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ និងមិនមានផលរំខាន។
ក្នុងឱកាសនោះដែលក្រុមអាណាព្យាបាល ជុំវិញការប្រឡងប្រជែងជ្រើសរើសលើកទី២នេះ អាណាព្យាបាល លោក ឆោ លី ស្រ៊ុន មកពីខេត្តកណ្តាល និង លោក ផាត់ ខាំសា មកពីខេត្តស្ទឹងត្រែង បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះការរឹតបន្តឹងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។ លោកថា ការរឹតបន្តឹងបែបនេះ គឺមានភាពយុត្តិធម៌សម្រាប់បេក្ខជនអ្នកមានសមត្ថភាពគឺជាប់ក្នុងការប្រឡង។
លោក អះអាងទៀតថា ការរឹតបន្តឹងបែបនេះ នឹងជួយឱ្យគ្រូនៅពេលអនាគតមានគុណភាពល្អ នឹងជួយបង្កើតបាននូវធនធានមនុស្សល្អៗបានកាន់តែច្រើនជួយឱ្យសង្គមជាតិកាន់តែវិឌ្ឍរីកចំរើន។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាលើកទី២ ដែលដំណើរនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤នេះ មានបេក្ខជនដែលជាប់ពីការប្រឡងលើកទី១ កាលពីថ្ងៃទី២៦ ខែ កក្តដា ចំនួន៤៣២១នាក់ចូលរួម ដោយចែកចេញជាពីរមណ្ឌល គឺនៅសាលាភូមិន្ទរដ្ឋបាល និង សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
សូមរឹកថា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងចំនួន៣៨១៦៨នាក់ ដោយការប្រឡងលើកទី១កាលពីថ្ងៃទី២៦ កក្តដា ឆ្នាំ២០២៤ សម្រាំងយក៤៣២១នាក់ និងការប្រឡងលើកទី២ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ សម្រាំងយក១៣៤៧ ដើម្បីចូលបំរើរការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវ ជននិងកីឡា៕