(ខេត្តកំពង់ស្ពឺ) ៖​លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវសម្បទា បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងសាខាមូលនិធិជាតិជំនួយសង្គម ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងរួមគ្នាដោះស្រាយ​ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ​ និងងាយរងគ្រោះ​ ឱ្យបានទាន់ពេលវេលា​ និងសក្តិសិទ្ធិភាព។​

ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល​ និងប្រកាសតែងតាំងប្រធានមូលនិធិជាតិជំនួយសង្គម ដែលធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយវនីតិសម្បទាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា÷ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងអនុសាសន៍ ១៥ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ រៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ​ ព្រមទាំងដាក់ឱ្យអនុវត្តនូវកម្មវិធីការងារជាអាទិភាពជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ រងគ្រោះ​ និងងាយរងគ្រោះ។

ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងរៀបចំការវិភាគមុខងារ ដើម្បីពិនិត្យ​ និងកែសម្រួលរចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្រប នឹងតួនាទីភារកិច្ចសំខាន់របស់ខ្លួន​ និងតួនាទីភារកិច្ច មានភាពប្រទាក់ក្រឡាគ្នា និងកាន់តែឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការ គ្រប់គ្រង​ និងផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច។

ជាមួយគ្នានោះលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទារ​ ក៏បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងថ្នាក់ ដឹកនាំមន្ត្រីរាជការ បុគ្គលិកនៃមូលនិធិជាតិជំនួយសង្គម គ្រប់អង្គភាពក្រោមឱវាទក្រសួង ជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្ត កែលម្អការងារ វិស័យសង្គមកិច្ច​ និងកិច្ចគាំពារសង្គម តាមរយៈការកសាង​ និងអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ឱ្យមានលក្ខណៈប្រមូលផ្តំសង្គតិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។

លោកសុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរ និងសាខាមូលនិធិជាតិជំនួយសង្គមឱ្យបន្តខិតខំបន្ថែមដើម្បីឱ្យការអនុវត្ត ការងារកាន់តែទទួលបានលទ្ធផលល្អប្រសើរឡើងបន្ថែមទៀត ដោយក្នុងនោះ ត្រូវពិនិត្យមើលរាល់បញ្ហាប្រឈមនៅថ្នាក់ក្រោមជាតិ ស្វែងរកដំណោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា ត្រូវសម្របសម្រួល និងផ្តល់ការណែនាំដល់មន្ទីរ​ និងអង្គភាពក្រោមឱវាទរាជធានី-ខេត្តលើការរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមទាំងបទដ្ឋានអប្បបរមាសម្រាប់ការ ផ្តល់សេវាតាមជំនាញ ឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃការវិវត្តន៍របស់សង្គម ហើយជាមួយគ្នានោះក៏ត្រូវពង្រឹងប្រសិទ្ធភាពលើការអនុវត្តមុខងារទាំង០៣ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ រួមមាន​ មុខងារគ្រប់គ្រងមណ្ឌលថែទាំ,​ មុខងារការត្រួតពិនិត្យមណ្ឌលថែទាំរបស់អង្គការ និងមុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅសហគមន៍ ជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ ដែលក្រសួងទើបនឹងដាក់ឱ្យអនុវត្តថ្មីៗនេះ។

បន្ថែមពីនេះ​ ត្រូវពិនិត្យ តាមដាន​ និងវាយតម្លៃលើការបំពេញកាតព្វកិច្ចរបស់វិស័យឯកជន ក្នុងការទទួលយកជនមានពិការភាពចូលបម្រើការងារ ដោយត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិនិត្យមើលការងារគ្រោះមហន្តរាយ ជាពិសេសការព្យាករណ៍ផលប៉ះពាល់ផ្សេងៗលើប្រជាពលរដ្ឋ មុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ ដើម្បីមានលទ្ធភាពក្នុងការផ្តល់កិច្ចអន្តរាគមន៍ និងផ្តល់ជំនួយសង្គ្រោះទាន់ពេលវេលាផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed