ខេត្តកំពង់ស្ពឺ៖ បែកធ្លាយមកថាមានមន្ត្រីបរិស្ថាននៅចំណុច ស្នាក់ការ តេទឹកពុះ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាប គោយន្តកន្ត្រៃដឹកឈើដុល ចំនួន៣គ្រឿង យកមករក្សាទុក នូវស្នាក់ការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ កាលពីយប់ថ្ងៃទី ៦ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ តែមានភាពមិនប្រក្រតីទៅវិញ។ដោយធ្វើការដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះវិញជាថ្នូរនិងលុយរាប់រយដុល្លារអាមេរិក។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ មានការចាប់អារម្មណ៍នោះគឺជារៀងរាល់ថ្ងៃ យប់មានគោយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង ជាច្រើនគ្រឿងធ្វើចរាចរណ៍ឆ្លងកាត់ស្នាក់ការរងតេទឹកពុះ និងស្នាក់ធំនៅខាងលិចរង្វង់មូលផ្សារកន្តួតជាច្រើនគ្រឿង មិនដែលបង្ក្រាបទាល់តែសោះ ឬមួយក៏ក្រុមរ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូងទាំងអស់នោះបង់លុយជាប្រចាំ ឬបង់លុយជាខែផងទើបដំណើរការបានរលូនបែបនេះ?។

បើតាមការបង្ហើបពីប្រជាពលរដ្ឋថា÷ការបង្ក្រាបគោយន្តកន្ត្រៃដឹកប្រភេទឈើដុល៣គ្រឿង ទាំងយប់នេះធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីបរិស្ថានដែលចុះអនុវត្តតាមផ្លូវច្បាប់។ ប៉ុន្តែពួកគាត់ឆ្ងល់ថាការបង្ក្រាបនេះធ្វើបានតែមួយចំអិនកំពឹស(មួយដង្ហើមចង្រិត)តែប៉ុណ្ណោះ ក៏ត្រូវបានដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះទៅវិញជាថ្នូរនិងលុយរាប់រយដុល្លារឯណ្ណោះ។

បើតាមប្រភពមួយទៀតបានបង្ហើបឱ្យដឹងថាមន្ត្រីបរិស្ថានមានឈ្មោះ…. (សុំលាក់សិន)តម្រូវឲ្យម្ចាស់គោយន្តបង់លុយក្នុងមួយគោយន្តចំនួន១លានរៀល ជាថ្នូរនិងការដោះលែងគោយន្តកន្ត្រៃដឹកឈើនោះ។

ប្រភពបានបន្តទៀតថាក្រោយពីមានការសម្របសម្រួលនិងអង្វរករពីម្ចាស់គោយន្តមន្ត្រីបរិស្ថានដែលមានឈ្មោះ (សុំលាក់សិន) បានតម្រូវឲ្យម្ចាស់គោយន្តបង់ក្នុងមួយគោយន្ត ៨០ម៉ឺនរៀល រហូតមកដល់រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គោយន្តដែលមន្ត្រីបរិស្ថានបានចាប់បង្ក្រាបនោះត្រូវបានដោះលែងវិញហើយ ដោយម្ចាស់គោយន្តត្រូវចំណាយលុយក្នុងមួយនាក់ៗ ៨០ម៉ឺនរៀលបងឱ្យមន្ត្រីបរិស្ថាន។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីមន្ត្រីបរិស្ថានបានទេ ដោយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed