(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានអះអាងថា ក្នុងរយ:ពេល ៧ថ្ងៃ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៤២ ករណី មានជនសង្ស័យចំនួន ២២៥ នាក់ ក្នុងនោះតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧៨ នាក់ ដែលពាក់ព័ន្ធនឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , ធ្វើឱ្យខូចខាតដោយចេតនា និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការ អនុញ្ញាត”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោកជិន ម៉ាលីនថ្លែងក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀន ប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជន ទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed