(ខេត្តកំពង់ស្ពឺ )៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជានិងសមាជិកទាំងអស់បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាតំបន់និងសកលលោក។ ពិធីនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលនិងបំពាក់គ្រឿងឥស្សររិយសជូនលោកគ្រូអ្នកគ្រូជាង៣ពាន់នាក់ក្នុងក្របខណ្ឌមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ ២០២៤- ២០២៨ ដោយផ្ដោតលើអាទិភាពចំនួន៨ចំណុច ដូចចជា ការពង្រឹងអភិបាលកិច្ចសាលា រួមទាំងការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា ជាដើម។ហើយបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀនដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញ ដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រួមមាន៖១-អភិបាលកិច្ចសាលារៀន ២-សកម្មភាពក្រៅម៉ោងសិក្សាសម្រាប់អប់រំសីលធម៌និងចរិយាធម៌ ៣-សុខភាពសិក្សានិងទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
លោកដ្ឋមន្ត្រីក្រសួងអប់រំបានគូសបញ្ជាក់ថា តាមរយៈការឆ្លុះបញ្ចាំងពីសមិទ្ធកម្មនៃការវិនិយោគ ដែលយើងបានខិតខំប្រឹងប្រែងនាពេលកន្លងមកក៏ដូចជា ដើម្បីដកស្រង់នូវឧត្តមានុវត្តន៍ សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានានិងបង្កើតនូវកាលានុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិសដៅជាអាទិភាពក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងបរិវត្តកម្មអប់រំឌីជីថល។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួនលើការបន្តអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីសិក្សានិងការអប់រំគ្រូបង្រៀន អនុវត្តផែនការអាទិភាពដោយផ្ដោតលើការរៀបចំគោលនយោបាយផ្អែកលើលទ្ធផល បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យកាន់តែប្រសើរ ឈានឆ្ពោះទៅសម្រេចគោលដៅរួមជាច្រើនទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ៕