ខេត្តព្រៃវែង )៖ នាយប់ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានឆ្មក់ចូលត្រួតពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ក្នុងខេត្តព្រៃវែង ដើម្បីបានសាកសួរសុខទុក្ខ និងពិនិត្យមើលការងារ របស់បុគ្គលិកសុខាភិបាលផ្តល់សេវាជូនប្រជាពលរដ្ឋនៅពេលយប់ ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថាមានវត្តមានបុគ្គលិក ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។
លោកសាស្រ្តាចារ្យ បានសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណមន្រ្តីសុខាភិបាល ដែលបានបម្រើការផ្តល់សេវាជូនប្ងប្អូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
លោករដ្ឋមន្ត្រី ក៏បានសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានថ្លែងអំណរ គុណជូនប្រជាពលរដ្ឋ ដែលទុកចិត្តមកទទួលសេវាសុខាភិបាលសាធារណៈ ៕