ភ្នំពេញ÷នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ចាប់តាំងពីម្សិលមិញ រហូត ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បរិយាកាសនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច នាំឱ្យអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ ដែលបាត់ដំណឹងក្នុងរយៈពេល ១០ថ្ងៃមកនេះ ហើយថា កងកម្លាំងយោធានៅតែបន្តធ្វើសកម្មភាពរុករកយ៉ាងស្វាហាប់ទាំងថ្មើរជើង និងលើដែនអាកាស នៅតាមចំណុចដែលសង្ស័យ និងកន្លែងដែលមានតម្រុយខ្លះៗ សង្ឃឹមថា នឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្ររយ:ពេលដ៏ខ្លីខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា នៅថ្ងៃ ទី២២ កក្កដា ២០២៤ កងកម្លាំងចម្រុះយោធា បានធ្វើធ្វើសកម្មភាពរុករកយ៉ាងស្វាហាប់ទាំងថ្មើរជើង និងលើដែនអាកាស ក្នុងនោះ កម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដូច្នេះ ធ្វើឱ្យយើងសង្ឃឹមថា នឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ ដែលបាត់ខ្លួននោះក្នុងរយ:ពេលខ្លីឆាប់ៗនេះ។
ចំណែកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយអញ្ជើញចុះផ្ទាល់ដល់ភូមិ សាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទីដែលសង្ស័យថា ឧទ្ធម្ភាគចក្រនិងយោធិនពីរនាក់បានបាត់ខ្លួន។ បណ្ឌិត គន់ គីម បានជួបជាមួយ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការងារ និងសួរសុខទុក្ខ ដល់កងកម្លាំងក្រុមការងារចម្រុះ ដែលកំពុងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ដែលបាត់ខ្លួន។
ជាមួយគ្នានេះទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរុករកឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ ដែលបានធ្លាក់បាត់នដាននៅភូមិសាស្ត្រស្រុកវាលវែង ជួរភ្នំក្រវាញមិនទាន់រកឃើញ ដោយសារមូលហេតុអាកាសធាតុភ្លៀងធ្លាក់រាល់ថ្ងៃ ទើបកម្លាំងចម្រុះពិបាកក្នុងការស្វែងរក។
សូមរំលឹកថា ឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ បានបាត់ទំនាក់ទំនងកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺនការហោះហើរ ដែលគិតមកដល់ ថ្ងៃទី២២ ខែកក្កដា នេះ មានរយៈពេល ១០ថ្ងៃហើយ នៅមិនទាន់រុករកឃើញនៅឡើយ ក្រោមកម្លាំងចម្រុះយោធា និងមន្ត្រីមូលដ្ឋានជាច្រើនរយនាក់ បានធ្វើបេសកកម្មនេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺ អ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ ៕