(កណ្តាល) ៖សមត្ថកិច្ចស្រុកមុខកំពូលបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលផ្គើនទៅនឹងបញ្ញតិច្បាប់ ករណីហ៊ានធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀត ណាម ) កាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ នៅចំណុចភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ថុល ស៊ីណាត ហៅសារិកាកែវ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន – សៀវភៅសម្រាប់កត់លេខឆ្នោតចំនួន ០១ក្បាល -ក្រដាសសម្រាប់កត់លេខឆ្នោតមួយចំនួន – ប៊ិចខៀវចំនួន ០១ដើម -ប្រាក់ចំនួន ១១៥០០០៛(ដប់មួយម៉ឺនប្រាំពាន់រៀល)-ទូរស័ព្ទម៉ាក OPPO ពណ៌ស ចំនួន ០២គ្រឿង។
លោកអធិការបន្ថែមទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៏ថា មានគេលេងល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម នៅចំណុចកើតហេតុខាងលើភ្លាម លោកអធិការបានបញ្ជា កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានអ្នកកត់ឆ្នោតវៀតណាម រួមនិងភស្តុតាង បញ្ជូនមក អធិការរដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ថុល ស៊ីណាត ហៅសារិកាកែវ បានឆ្លើយសារភាពថា ៖ រូបខ្លួនពិតជាបានធ្វើជាភ្នាក់ងារកត់ឆ្នោត (ឆ្នោតវៀតណាម) ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខ កំពូលដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕