(ខេត្តកំពង់ស្ពឺ)៖ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានយាងដាំកូនឈើប្រណិតចំនួន ២,០០០ដើម និងផ្កា ចំនួន ២៥០ដើម នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចក្រុមព្រះនរោត្តម ចក្រពង្ស មានព្រះរាជបន្ទូលថា ការដាំដើមឈើនាថ្ងៃនេះ ក្នុងន័យអបអរសាទរ ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅខេត្តតាកែវ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រនៃកម្ពុជា។

សម្តេចមានព្រះរាជបន្ទូលថា យើងនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ជនរួមជាតិនៃយើងយូរអង្វែង ហើយជាងនេះព្រៃឈើ នឹងផ្តល់ជាផ្លែផ្កាដ៏ល្អផូរផង់ ក្នុងន័យផ្សារភ្ជាប់គ្នារវាងពលរដ្ឋទៅនឹងបរិស្ថាន ទៅវិស័យពុទ្ធសាសនាដែលជាសាសនាដ៏ឧតុង្គឧត្តមរបស់ប្រជាជាតិយើងទាំងមូល។

ក្នុងព្រះរាជពិធីដាំកូនឈើនោះដែរ អ្នកឧកញ៉ា មហាសទ្ធាបុញ្ញាតិរ័ត្នសិរីសីលាភិរ័តព្រឹទ្ធាចរិយានី អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រារព្ធ “រុក្ខទិវា” ក្នុងន័យកាត់បន្ថយជាតិពុលក្នុងបរិយាកាស កាត់បន្ថយការប្រើប្រាស់ថាមពល និងតម្រូវការម៉ាស៊ីនត្រជាក់ បន្ថយសីតុណ្ហភាព ជួយកាត់បន្ថយការហូរច្រោះ កាត់បន្ថយការបំពុលបរិស្ថានកម្រិតអូហ្សូន និងផ្សែងអ័ព្ទ ធ្វើឱ្យបរិស្ថាន និង សុខភាពសាធារណៈមានភាពប្រសើរឡើង ដែលមិនអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗជាយថាហេតុ។

អ្នកឧកញ៉ា បានបន្ថែមថា ចាប់ពីពេលនេះតទៅ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) មិនត្រឹមតែជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញប៉ុណ្ណោះទេ ក្នុងនោះក៏មានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជាដ៏ធំមួយទៀត ជាបូជនីយដ្ឋានសម្រាប់គោរពបូជា នៅពេលដែលបានសាងសង់រួចរាល់ជាស្ថាពរ ដូចជាមានវត្តអារាមសម្រាប់ព្រះសង្ឃគង់នៅមានព្រះធម៌វិន័យជាម្លប់ដល់មនុស្សគ្រប់វ័យ ដែលមកបំពេញ បុណ្យកុសល និងបានសិក្សាប្រតិបត្តិ តាមពាក្យទូន្មានព្រះពុទ្ធបរមគ្រូ តាមគម្ពីរព្រះត្រៃបិដកដែលចារទុក ក្នុងមហាប្រាសាទជាភស្តុតាងស្រាប់ កំពុងមានការគាំទ្រគ្រប់មជ្ឈដ្ឋានទាំងអស់។ ដូច្នេះទាំងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ មិនត្រឹមតែបានមកទស្សនានូវទេសភាពធម្មជាតិប៉ុណ្ណោះទេ ពួកគេអាចចូលមកប្រតិបត្តិអប់រំចិត្ត ក៏ដូចជាគោរពបូជាមហាប្រាសាទព្រះធម្មចេតិយ ព្រះចូឡាមណីចេតិយ ពុទ្ធស្ថានទាំង ៤កន្លែង រួមទាំងបូជណីយដ្ឋាននានា ដូចជាសមថវិបស្សនាជាដើមផងដែរ។

ជាងនេះទៅទៀតវិស័យទេសចរណ៍នៅកម្ពុជា ដែលជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ត្រូវបានផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនាដែលប្រជាជនកម្ពុជាគោរពបូជាយូរណាស់មកហើយ រាជរដ្ឋាភិបាលបានចាត់ទុកជាវិស័យអាទិភាពមួយនេះដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារបរិស្ថាន ព្រមទាំងជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ មានតម្លៃជាប្រវត្តិសាស្ត្រ ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed