(ខេត្តកំពង់ឆ្នាំង) ៖ បុរសជាអតីតមន្ត្រីប៉ូលិសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ដែលសង្ស័យថាបានពុលត្រីក្រពត ។ ហេតុការណ៍សង្ស័យថាពុលត្រីក្រពតបានកើតឡើងនៅ យប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ អតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានចូលនិវត្តន៍ប្រមាណជាង ២ ឆ្នាំហើយនិងមានទីលំនៅភូមិទី១សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតម៉ោងប្រមាណ ៤និង៣០នាទីរសៀល ថ្ងៃទី ៧ ខែ កក្កដា ជនរងគ្រោះ និងប្រពន្ធរួមទាំងកូនម្នាក់ទៀតបាននាំគ្នាពិសាត្រីក្រពត ចំណែកជនរងគ្រោះមានពិសាស្រាបៀរមួយកំប៉ុងផងដែរ។

ក្រោយពីពិសាត្រីក្រពតហើយនៅម៉ោងប្រមាណ ៦និង ៣០នាទី យប់ ជនរងគ្រោះ មានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ។ ដោយសារស្ថានភាព ជនរង គ្រោះ មានសភាពធ្ងន់ធ្ងរហើយបានស្លាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី ៨ ខែកក្កដា ហើយត្រូវបានបញ្ជូនមកលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការពុលអាហារធ្ងន់ធ្ងរពិតមែន ដែលតាមក្រុមគ្រួសារបញ្ជាក់ថាគាត់បានពិសាត្រីក្រពត មានគ្នាចំនួន ៣នាក់។ ប៉ុន្តែ២ នាក់មិនមានអាការៈពុលទេ គឺពុលដែលគាត់ម្នាក់ប៉ុណ្ណោះ ។ លោកវេជ្ជបណ្ឌិតសូមចូលរួមសោកស្ដាយនៃមរណៈភាពរបស់ជនរងគ្រោះ និងបានផ្ញើសាររំលឹក ដាស់តឿនរបស់ក្រសួងសុខាភិបាល សូមឱ្យបងប្អូន មានការប្រុងប្រយ័ត្ន លើការពិសាត្រីក្រពត ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed