លេខាធិការដ្ឋានក្រុមការងាររេដបូកជាតិ តំណាងលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្តីបង្គោលការងាររេដបូកជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលពិគ្រោះយោបល់ ស្ដីពី«ការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំសារពើពន្ធ២០២៥ សម្រាប់គម្រោងរេដបូកកែវសីមា» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ងិន សុភិមាន អភិបាលរងខេត្តមណ្ឌលគិរី ប្រធានមន្ទីរខេត្ត តំណាងអង្គការWCS ដៃគូពាក់ព័ន្ធនានា សហគមន៍ក្នុងតំបន់គម្រោងរេដបូកកែវសីមា និងមន្រ្ដីក្រសួង និងមន្ទីរបរិស្ថានចំនួន ១៥០នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី។
មានមតិសំណេះសំណាលទៅកាន់អង្គសិក្ខាសាលា លោកអគ្គនាយក មានប្រសាសន៍ថាខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តដែលមានតំបន់ការពារធម្មជាតិច្រើនជាងគេដែលទាមទារឱ្យមានការចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ តាមរយៈកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បាននិងកំពុងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីអនុវត្តន៍មុំយុទ្ធសាស្រ្ត«ភាពបៃតង»នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ តាមរយៈការអនុវត្តគម្រោងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាល មកពីការបាត់បង់ព្រៃឈើ និងការរេចរឹលព្រៃឈើ (REDD+) ក្នុងគោលបំណង ទទួលបាននូវនិរន្តរភាពហិរញ្ញវត្ថុសម្រាប់ការងារអភិរក្សព្រៃឈើនិងសត្វព្រៃ និងលើកកម្ពស់ជីវភាពរស់នៅសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា។ ជារៀងរាល់ឆ្នាំក្រុមការងារតែងតែរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើផែនការប្រចាំឆ្នាំសម្រាប់ការ ងារគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា ក្នុងឆ្នាំសារពើពន្ធដែលមានការចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រចេះ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងតំណាងសហគមន៍ ដើម្បីពិនិត្យមើលលទ្ធផលការងារ ឆ្លុះបញ្ចាំងការអនុវត្ត បញ្ហាប្រឈម ពិភាក្សារកដំណោះស្រាយ និងរៀបចំផែនការសម្មភាពសម្រាប់ឆ្នាំបន្ទាប់។
សិក្ខាសាលានេះក៏ជាផ្នែកមួយនៃដំណើរការនៃការគ្រប់គ្រងដោយមានភាពបត់បែន (Adaptive Management) ដើម្បីធានាថាការធ្វើសេចក្តីសម្រេចចិត្ត និងការកែតម្រូវឆ្លើយតបទៅនឹងព័ត៌មាន និងការផ្លាស់ប្តូរបរិបទថ្មីៗនៅក្នុងគម្រោង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង៖
១-ពិនិត្យ និងបង្ហាញនូវលទ្ធផលការអនុវត្តគម្រោងប្រចាំឆ្នាំ និងកត្តានានាដែលជាឧបសគ្គ ឬបញ្ហាប្រឈមនិងឱកាសក្នុងការអនុវត្តគម្រោង
២-រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំថ្មីសារពើពន្ធ២០២៥(០១ កក្កដា ២០២៤ ដល់៣០ មិថុនា២០២៥)ពិសេសប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងកាន់តែប្រសើរឡើង
៣-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានក្នុងការអនុវត្តគម្រោងរេដបូកកែវសីមាឱ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានការធ្វើបទបង្ហាញដូចជា៖
១-យុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយឯកឧត្តម កែន សេរីរដ្ឋា
២-ផែនការយុទ្ធសាស្រដអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដោយលោក កែន សេរីរដ្ឋា
៣-ផែនការយុទ្ធសាស្រ្ដគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការកំណត់បែងចែកតំបន់គ្រប់គ្រង៕