ភ្នំពេញ)៖ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីឈ្វេងយល់អំពីសមិទ្ធផលនៃការជុំនុំជម្រះក្ដីរបស់សាលាក្ដីខ្មែរក្រហម ដែលជាផ្នែកចុងក្រោយនៃការស្វែងរកសន្ដិភាពនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. លោក ឃ្នុត រ៉ូហ្សិនហ៊ក អនុប្រធានរដ្ឋបាល និងឯកឧត្តម ថោង សុជាតិ មន្ដ្រីគ្រប់គ្រងជាន់ខ្ពស់នៃ អ.វ.ត.ក.។
លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានជម្រាបលោក Jean Pierre Lacroix អំពីសមិទ្ធផលពីការជំនុំជម្រះក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុស ត្រូវលើឧក្រិដ្ខកម្មក្នុងរបបខ្មែរក្រហម ការ អនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ដែលរួមមាន ដំណើរការធ្វើចំណាត់ថ្នាក់ឯកសារឡើងវិញ ការរៀបចំគ្រប់គ្រងបណ្ណសារ ការបង្ហាញអំពីមជ្ឈមណ្ឌលធនធាន និងសកម្មភាពផ្សព្វផ្សាយយ៉ាងផុសផលរបស់ អ.វ.ត.ក. ដល់យុវជនជំនាន់ក្រោយ និងសាធារណៈជននៅក្នុងប្រទេសកម្ពុជា។
លោក Jean Pierre Lacroix អគ្គលេខាធិ ការរងអង្គការសហប្រជាជាតិ បានស្ងើច សរសើរចំពោះសមិទ្ធផល និងការងាររបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបាន។ លោកបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរ ដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
បើតាមការបញ្ជាក់ពីអគ្គលេខាធិការរងអង្គការ សហប្រជាជាតិរូបនេះ លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវសមិទ្ធផលនៃគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។
លោក Jean Pierre Lacroix ក៏បានវាយ តម្លៃខ្ពស់ចំពោះការរៀបចំមជ្ឈមណ្ឌលធន ធាន អ.វ.ត.ក.ផងដែរ។ លោកបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះនឹងដើរតួនាទីសំខាន់ក្នុងការបម្រើការងារផ្សព្វផ្សាយ និងស្រាវជ្រាវពីសមិទ្ធផល អ.វ.ត.ក. ការចែករំលែកបទ ពិសោធន៍ផ្នែកតុលាការក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការអប់រំ និងការចងចាំងអំពីការជំនុំជម្រះក្ដី ការផ្សះផ្សារជាតិ និងការកសាងសន្ដិភាពរបស់កម្ពុជា។
អគ្គលេខារងអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់ថា ការបង្រួមបង្រួមជាតិ ការកសាងសន្ដិភាព និងការផ្តល់យុត្តិធម៌ នឹងត្រូវបន្តតាមរយៈការខិតខំទាំងអស់គ្នា ក្នុងការអប់រំនិងការផ្សព្វផ្សាយ ដើម្បីបង្ការនូវការត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ ៕