(ពោធិ៍សាត់) ៖ ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពលមហាសាល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ
លោក កែវ រតនៈ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍ សាត់ បានស្នើឱ្យមានការគ្រប់គ្រង និងអភិរក្សដីតំបន់បឹងព្រះពន្លៃនេះឱ្យបានគង់វង្ស ដែលជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនបានចូលរួមថែរក្សាវាឲ្យបានល្អនោះទេ គឺមានមានន័យថា “យើងគ្មានមាយាទ” ។
ក្នុងនោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និងរៀបចំផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និងការរុករានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សូមជម្រាបផងដែរថា៖ បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ ។
បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអាស្រ័យផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង ២៤២ហិកតា គិតជាគ្រួសារមានចំនួន២១៦គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០ហិកតាទៅ១០.០០០ហិកតា និងស្រូវប្រាំង ៤២០០ហិកតា ៕