(ភ្នំពេញ) ៖ លោក ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈបានថ្លែងក្នុងបទឧទ្ទេសនាម នៃវគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១១ នៅវិមាន៧មករា ថា អ្វីដែលយើងបាន និងកំពុងធ្វើនេះ គឺជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ។

លោកឧបនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងនថា៖ “ខ្ញុំមានឱកាសចែករំលែកខ្លឹមសារនានាជូនទៅដល់សិក្ខាកាម ក្នុងស្មារតីនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង និងការគាំទ្រដល់គោលនយោបាយរបស់គណបក្សជារួមផង” ។ នេះបើយោងតាមសំណេរដែលលោកឧបនាយករដ្ឋមន្ត្រី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤នេះ។

លោក ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា តាមរយៈសាវតា និងដំណាក់កាលនានានៃវិស័យមុខងារសាធារណៈដែល “ខ្ញុំបានចែករំលែក មិនថាស្ថិតក្នុងដំណាក់កាលណានៃរាជរដ្ឋាភិបាលកម្ពុជានោះទេ សុទ្ធតែបង្ហាញពីឆន្ទៈខ្ពស់លើការងារកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ ការកំណែទម្រង់រដ្ឋបាលសាធារណៈ ទាមទារពេលវេលា និងការបន្តអនុវត្តប្រកបដោយឆន្ទៈខ្ពស់ និងស្មារតីចូលរួមសហការពីគ្រប់គាភីទាំងអស់” ។

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា “អ្វីដែលយើងបាន និងកំពុងប្រឹងប្រែងធ្វើនៅពេលនេះ ពិតណាស់ គឺជាការបង្កើនប្រសិទ្ធិភាពការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្មការងារជាបន្តបន្ទាប់ តែគោលដៅពិតប្រាកដ គឺការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ប្រកបទំនុកចិត្តកាន់តែខ្ពស់ ជាមួយប្រព័ន្ធរដ្ឋបាលសាធារណៈ មួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ដែលនឹងក្លាយជាកេរតំណែលដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ” ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed