(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រសហ្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្រ្តីរាជការនៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។


ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក ចាង ជៀន (H.E Chang Jian) ភារធារីស្តីទី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាន អនុប្រធាននាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល។

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិននេះ ដើម្បីថ្លែងអំណរគុណ ចំពោះជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន (ជុំទី២) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អញ្ជើញមកពីមន្ទីរពេទ្យ ក្វាង អាន មិន ទីក្រុងប៉េកាំង ដែលបានខិតខំជួយក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក៏ដូចជាពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យបានតែមានល្អប្រសើរថែមទៀត។ ការព្យាបាលជំងឺដោយប្រើប្រាស់ឱសថបុរាណ ក៏ជាគោលការណ៍ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយនឹងការព្យាបាលដោយឱសថសម័យទំនើបផងដែរ។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្រ្តីរាជការនៃទីស្តីការក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផងដែរ ដើម្បីជាការលើកទឹកចិត្តជូនដល់មន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចពីប្រវត្តិនៃការចាប់ផ្ដើមភាពជាដៃគូរវាងក្រុមគ្រូពេទ្យវេជ្ជសាស្ដ្របុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចាប់ផ្ដើមពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការសម្ដោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារថ្មី របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ។
ជាចុងក្រោយ លោកសាស្រ្តាចារ្យឈាង រ៉ា សូមសម្ដែងនូវការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន បុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាជន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ គោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ។

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន ជុំទី១ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន១៨រូប ក្នុងនោះ ១៣រូប មកពីមន្ទីរពេទ្យ ស៊ី យាន និង៥រូប មកពីមន្ទីរពេទ្យខេត្ត អាន ហ៊ួយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed