(ភ្នំពេញ)៖ ជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ។

ជំនួបនេះ គាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតថែមទៀតទៅថ្ងៃអនាគត។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នានិងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ។

មានប្រសាសន៍ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកយកនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ គឺ៖ (១).ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (២).ការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣).ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួល ។

ទន្ទឹមនឹងការរំលឹកដល់អនុស្សារណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសរវាងក្រសួងទាំងពីរ បន្តធ្វើការទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់នៅសាធារណៈរដ្ឋកូរ៉េ និងតាមប្រព័ន្ធ Online ព្រមទាំងសិក្សា ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្តូរ (Exchange Program) ដោយធ្វើការបញ្ជូនមន្រ្តីបច្ចេកទេសជំនាញរៀងៗខ្លួនមកព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដើម្បីសិក្សាដកស្រង់បទពិសោធទៅវិញទៅមកនៅក្នុងវិស័យមុខងារសាធារណៈ។

ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និតស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានអញ្ជើញ ឯកឧត្តម KIM Seung Ho ចូលរួមក្នុងកិច្ចប្រជុំលើក្របខណ្ឌកិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ានបូកបី (ASEAN Cooperation on Civil Service Matters plus three – ACCSM+3) សម្រាប់ឆ្នាំ២០២៥-២០២៦ នាពេលខាងមុខ ដែលក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតបរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ បានទទួលយកសំណើរព្រមទាំងបង្ហាញ សុទិដ្ឋិនិយមថានឹងចូលរួមក្នុងកិច្ចប្រជុំខាងលើតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed