ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង
គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥ មានរយៈពេល៣ឆ្នាំដោយផ្តោតលើចំនុចសំខាន់ៗចំនួន៣ដូចជា៖
១. ប្រាក់ឈ្នួលអប្បបរមា
២. ការដោះស្រាយវិវាទ
៣. អធិការកិច្ចការងារ។
លោក លឹម ស៊ុយហុង មានប្រសាសន៍ថាសិក្ខាសាលាកម្ពុជា-កូរ៉េ ស្តីពី “គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥” គឺរៀបចំជាលើកទី២ នៅប្រទេសកម្ពុជាក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ សម្រាប់ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពអធិការការងារ មន្ត្រីផ្សះផ្សាវិវាទកាងារ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្នុងការពង្រឹងការអនុវត្តបេសកកម្មស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។
លោកអនុរដ្ឋលេខាធិការ ក៏បានរំពឹងផងដែរថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េ បានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្ខាសាលា ទស្សនកិច្ចសិក្សា និងជួបជាមួយមន្ត្រីអនុវត្តការងារនេះដោយផ្ទាល់ ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត៕