( បាត់ដំបង) ៖យ៉ាងហោចណាស់មនុស្ស ០៤នាក់បានស្លាប់និងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០២គ្រឿងបុកគ្នានៅវេលាម៉ោង ២២ និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2021មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AN-2386 បើកបរដោយឈ្មោះ ធៀង ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសផ្លូវ)និងម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2014 ពាក់ផ្លាកលេខ បាត់ដំបង 1R-7429 បើកបរដោយឈ្មោះ ឆើយ ចាន់ ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នឹងអ្នករួមដំណើរពីរនាក់ ម្នាក់ឈ្មោះ គង់ វណ្ណៈ ភេទប្រុស និងម្នាក់ទៀតឈ្មោះ អាន វាសនា ភេទប្រុស អ្នកទាំងពីរ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលអោយបុរសបើកបរម្នាក់ឯងស្លាប់ភ្លាមៗ និងភាគីម្ខាងទៀតស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និង០២នាក់ទៀតរងរបួសធ្ងន់ស្រាល ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ៕