ខេត្តកំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ដែលគេស្គាល់ថាឈ្មោះ ទិត វុទ្ធី និងបក្ខពួកពីរនាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធរឿងឆបោកលុយពីជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ។
បើតាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនជាប់ចោទទាំង៣ នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទ ប្រកាន់៖ ទី១៖ ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ (ឃាត់ខ្លួន), ទី២៖ ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ទី៣៖ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសម គំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្ត ព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕